Friday, March 31, 2023

ក្រុមអ្នកធុរកិច្ចលើវិស័យទេសចរណ៍ កំណត់គោលដៅយុទ្ធសាស្ត្រទាក់ទាញភ្ញៀវអន្តរជាតិ ឆ្នាំទស្សនាកម្ពុជា ២០២៣ យ៉ាងតិច ៤ លាននាក់

spot_img

ភ្នំពេញ ៖ សម្រាប់ឆ្នាំនេះ ក្រុមអ្នកធ្វើធុរកិច្ចលើវិស័យទេសចរណ៍ ទាំងរដ្ឋ និងឯកជន បានប្រសិទ្ធនាមថា «ឆ្នាំទស្សនាកម្ពុជា ២០២៣ – Visit Cambodia Year 2023» ក្រោមទិសស្លោក «រាល់ថ្ងៃ គឺជាអច្ឆរិយ: Every day is a Wonder» ហើយពួកគេបានប្ដេជ្ញាពួតដៃគ្នាឯកភាពលើផែនការសកម្មភាពសំខាន់ៗ ៥ចំណុច ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ធ្វើយ៉ាងណាឱ្យគេមានទំនុកចិត្តមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង។

ការឯកភាពនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារលើវិស័យទេសចរណ៍, ផែនការសកម្មភាព ទាំង ៥ ចំណុច រួមមាន ÷

១- ការរៀបចំសេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ធ្វើយ៉ាងណាឱ្យក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា (Recovery) ដូចមានចែងក្នុងផែនទីចង្អុលផ្លូវ ខណ:កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងទេសចរណ៍។

២- សេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានចក្ខុវិស័យច្បាស់លាស់ គឺ «នៅឆ្នាំ២០២៣ កម្ពុជានឹងអាចទទួលទេសចរអន្តរជាតិបានយ៉ាងតិច ៤ លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងបានប្រមាណ១៥លាននាក់»។

៣- ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការនេះមានគោលបំណង ២ ៖

  • គោលបំណងទី១ : លើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។
  • គោលបំណងទី២ : ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

៤- ដើម្បីសម្រេចបានគោលបំណងខាងលើ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានគោលដៅចំនួន ២ ៖

  • គោលដៅទី១ : បង្ហាញ និងផ្សព្វផ្សាយស៊ីជម្រៅពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗរបស់កម្ពុជាក្នុងប្រភពទីផ្សារទេសចរណ៍ ៩ អាទិភាព តាមរយៈការធ្វើយុទ្ធសាស្រ្តទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្មទេសចរណ៍ តាមគ្រប់មធ្យោបាយ។
  • គោលដៅទី២ : បង្កើនតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ទាក់ទាញកម្រិតអន្តរជាតិ ជាតិ និងកម្រិតមូលដ្ឋាន ក្រោមរូបភាពជាពិធីបុណ្យ ព្រឹត្តិការណ៍កីឡា ឬព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗឱ្យមានជាប្រចាំ (មួយខែ យ៉ាងតិចមួយព្រឹត្តិការណ៍)។

៥- ដើម្បីធានាបាននូវភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្នុងសេចក្តីព្រាងដាក់ចេញវិធានការគោលនយោបាយនេះ ក៏នឹងផ្អែកតាមអភិក្រម «ការជំរុញព្រឹត្តិការណ៍» និង «ការផ្តោតលើការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ» ដោយក្នុងនេះសេចក្តីព្រាងបានដាក់ចេញ ២០វិធានការសំខាន់ៗ ក្នុងនោះ មានព្រឹត្តិការណ៍អន្តរជាតិ និងថ្នាក់ជាតិចំនួន ២១ព្រឹត្តិការណ៍ និងថ្នាក់មូលដ្ឋានចំនួន ២៥រាជធានី-ខេត្ត សំដៅសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្រ្ត ២ រួមមាន ៖

ទី១- ពង្រឹងកិត្តិនាមកម្ពុជាក្នុងទីផ្សារទេសចរណ៍ពិភពលោកក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈធ្វើការកំណត់ទីតាំងកម្ពុជា (Positioning) លើទីផ្សារទេសចរណ៍អន្តរជាតិក្រោយវិបត្តិជំងឺកូវីដ-១៩ និងបង្កើតនិមិត្តសញ្ញាផ្សព្វផ្សាយ (Branding) សម្រាប់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និង

ទី២- ពង្រឹងការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២