Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ឧកញ៉ា ជួប ច័ន្ទ ដែល​ចេញ​សែក​ស្អុយ​ជាង​១​លាន​ដុល្លារ ឲ្យ​លោក​ឧកញ៉ា គឹម កៅ

​ភ្នំពេញ ៖ លោក គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច ធ្វើការ​នាំខ្លួន ឧកញ៉ា ជួប ច័ន្ទ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ដែល​ពាក់ព័ន្ធ​ការចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​១​លាន​ដុល្លារ​។​

​យោងតាម​ដីកា​សម្រេច​ឃុំខ្លួន​បាន​បង្គាប់​ឲ្យ​ឃុំខ្លួន ទាក់ទង​នឹង​សំណុំរឿង​ស៊ើបសួរ​លេខ ៣៨៦២​ចុះ​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៧ ដែល​ទាក់ទង​នឹង​លោក​ឧកញ៉ា ជួប ច័​ន្ធ ភេទ​ប្រភេទ​ប្រុស ជនជាតិខ្មែរ ជា​ពាណិជ្ជករ ទីកន្លែង​កំណើត​នៅ​សង្កាត់​លេខ​៦ ខណ្ឌចំការមន ក្រុងភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​១២៣ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ប្រពន្ធ​ឈ្មោះ​រស់ សុគ​ន្ធី ។ លោក​ឧកញ៉ា ប្រវត្តិ​នៃ​ការផ្តន្ទាទោស​ដោយ​តុលាការ​គ្មាន​។ ជននេះ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន​គឹម​ហាប់ ខូ​អិ​ល​ធី​ឌី ផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​៣៨៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០​ខែមិថុនា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៣១ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​ប្រាក់​។ លោក គឹម រ័ត្ន​ណារិន បានឃើញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន លេខ​៦៥០៥ ដ​ពស ចុះ​ថ្ងៃទី​១១​ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ចៅក្រម បាន​បង្កា​ប់ ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែលមាន​ឈ្មោះ ជួប ច័ន្ទ ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់​។ ឲ្យ​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ទទួល និង​ឃុំខ្លួន​ជននេះ រហូតដល់​មាន​បទបញ្ជា​ថ្មី សម្រេច​ផ្សេង​ពីនេះ និង​ឲ្យ​គ្រប់​ភ្នាក់ងារ​នៃ​កងកម្លាំង​សាធារណៈ​ទាំងអស់ សហការ​អនុវត្ត​ឲ្យ​បានល្អ​នៅពេល​ដីកា​នេះ ត្រូវ​បានបង្ហាញ​ក្នុងករណី​ចាំបាច់​។​

​សូមជម្រាបថា លោក លីវ វុទ្ធី តំណាង​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា គឹម កៅ ដែលជា​ដើមបណ្តឹង បានដាក់​ពាក្យ​ប្តឹង​ឧកញ៉ា ជួប ច័ន្ទ ពីបទ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ចំនួន​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​។ ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​នេះ​គឺ ឧកញ៉ា ជួប ច័ន្ទ បាន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ដែលមាន​លោក លីវ វុទ្ធី ជា​តំណាង ដែលមាន​លោក​ឧកញ៉ា គឹម កៅ ជា​ប្រធាន​ក្រុមហ៊ុន លើទឹក​ប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ក្រោយមក​លោក​ឧ​ញ៉ា គឹម កៅ បាន​ទារប្រាក់​នេះ​វិញ ទើប​ឧកញ៉ា ជួប ច័ន្ទ ចេញ​សែក​ឲ្យ​ទៅ​ឧកញ៉ា គឹម កៅ ដែលមាន​ទឹកប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ដោយបាន​កំណត់ ឱ្យទៅ​បើក​នៅ​ធនាគារ​នៅ​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ ២១០៧​។ ប៉ុន្តែ​ពេល​ភាគី​ឧកញ៉ា គឹម កៅ យក​សែក​ទៅ​បើក​លុយ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា មូលប្បទានប័ត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ​។ ក្រោយ​បានទទួល​ពាក្យបណ្តឹង​របស់លោក លីវ វុទ្ធី រួចហើយ សមត្ថកិច្ច​បាន​អញ្ជើញ​ឧកញ៉ា ជួប ច័ន្ទ ឱ្យចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​នេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ឧកញ៉ា ជួប ច័ន្ទ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ម្តង​រួចហើយ ពាក់ព័ន្ធ​ករណីនេះ តាម​ការឯកភាព​ឱ្យ​ឃាត់ខ្លួន​របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ក្រោយ​ការសួរនាំ ក៏​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×