កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៣ខែមករានេះនេះ បានប្រកាសឱ្យពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរួសរាន់រៀបចំសម្ភារៈទុកដាក់នៅទីខ្ពស់ ជាពិសេសគឺមនុស្សចាស់ និងកូនក្មេង ដោយសាអាជ្ញាធរត្រូវបង្ខំចិត្តបើកទ្វារទឹករលាំងជ្រៃ។
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តា ជ្រាបថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកំពស់ទឹក នៃទ្វារទឹករលាំងជ្រៃ ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យ អាជ្ញាធរបើកទ្វារទឹកចំនួន ៥ ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។
ផ្អែកតាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំ ទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
ចំណែកស្នងការនគរបាលខេត្តកំពង់ស្ពឺ ប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋយោគយល់និងប្រុងប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ ខេត្ដកំពង់ស្ពឺ តាមផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៤២ មុខបុរីសុវណ្ណ ក្រុងច្បារមន ។
ដោយសារតែទឹកភ្លៀងបានបន្ដធ្លាក់នៅផ្នែកខាងលើជួរភ្នំឱរ៉ាល់ បណ្តាលឱ្យមានការជន់លិចផ្លូវ ពិបាកក្នុងការធ្វើដំណើរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី