Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើគួរធ្វើយ៉ាងណា នៅពេលក្អកមិនបាត់?

អាការក្អក អាចកើតឡើងច្រើនបែប អាស្រ័យលើមូលហេតុរបស់វា។ មនុស្សយើងមិនអាចជ្រើសរើសថាចង់ក្អកបែបណាបានទេ តែជ្រើសរើសក្នុងការចាត់ការវាឱ្យធូរស្រាលទៅវិញយ៉ាងឆាប់រហ័សបាន ដូច្នេះហើយទើបខាងវេជ្ជសាស្ត្របែងចែកអាការក្អក ចេញជាច្រើនបែបច្រើនយ៉ាង ដូចជា ក្អកស្ងួត និងក្អកមានស្លេស្ម៍ ឬក្អករយៈពេលខ្លី និងក្អករ៉ាំរ៉ៃ ជាដើម។ មនុស្សក្នុងយុគសម័យនេះ កើតអាការក្អកច្រើនគ្នាណាស់ ដោយសារតែបច្ច័យអាកាសធាតុ និងបច្ច័យខាងក្នុងរាងកាយគឺ ប្រព័ន្ធប្រឆាំងជំងឺចុះខ្សោយ ទើបចេះតែក្អកមិនបាត់។

ខាងផ្នែកវេជ្ជសាស្ត្របានបែងចែក “អាការក្អក” ចេញជា ២បែប ដើម្បីឱ្យលោកអ្នកសម្រេចចិត្តថា នឹងចាត់ការជាមួយវាយ៉ាងណា ដូចតទៅ…

១. ក្អកទូទៅ គឺក្អកដោយសារប្រព័ន្ធដកដង្ហើមមានបញ្ហា ដូចជា ក្អកដោយសារឈ្លក់នឹងល្អងធូលីដី ផ្សែងអ័ព្ធជាដើម ក្អកដោយសារកើតជំងឺផ្តាសាយតឹងច្រមុះធម្មតា ឬក្អកដោយសារកើតប្រតិកម្មចាញ់ទីកន្លែង។ល។

២. ក្អកមួយទៀតដែលត្រូវប្រយ័ត្ន និងតើត្រូវទៅរកគ្រូពេទ្យឬអត់នោះ គឺក្អករ៉ាំរ៉ៃយូរអង្វែង ក្អករួមជាមួយអាការហត់ដង្ហក់ ដកដង្ហើមមិនរួច ក្អកដោយសារឆ្លងមេរោគធ្ងន់ធ្ងរ ឬមានគ្រុនក្តៅខ្លួនផង ដែលទាំង ៣រោគសញ្ញានេះ គឺជាអាការហើមសួត(សួតឆ្លងមេរោគ)។

ការរក្សាព្យាបាលអាការក្អកបែបទី១ (ក្អកទូទៅ) មានការបឋមព្យាបាល បានដោយខ្លួនឯងបែបងាយៗដូចតទៅ…

  • ចាប់ផ្តើមដោយការគេងសម្រាកឱ្យបានច្រើន ចូលគេងយ៉ាងយូរបំផុតនៅម៉ោង ១០យប់ ដើម្បីឱ្យរាងកាយជួយពង្រឹងប្រព័ន្ធប្រឆាំងជំងឺ។
  • ពាក់ស្រោមជើងពេលគេងយប់ ព្រោះបើចង់ឱ្យសុខភាពល្អ ត្រូវតែឱ្យចុងជើងក្តៅឧណ្ហៗ ជានិច្ច។
  • ញ៉ាំផ្លែត្របែក ផ្លែប៉េងប៉ោះស្រស់ៗ និងញ៉ាំទឹកផ្លែក្រូចវល្លិ៍ឱ្យបានញឹកញាប់។
  • ផ្លុំសក់ ឬជូតសក់ឱ្យស្ងួតមុនពេលគេង។ ហាមគេងទាំងសក់ក្បាលសើមជាដាច់ខាត ព្រោះភាពសើមនឹងធ្វើឱ្យមេរោគផ្តាសាយរីកសាយភាយបានល្អនៅក្នុងច្រមុះ និងផ្លូវដង្ហើម។ សម្រាប់ករណីនេះ មានរូបមន្តភេសជ្ជៈពិសេស ការពារអាការក្អកបានពិតប្រាកដ គឺ “ទឹកឃ្មុំផ្សំទឹកក្រូចឆ្មារ” ដោយផ្សំក្នុងអត្រាស្មើគ្នា (ដូចជាទឹកឃ្មុំ ១ស្លាបព្រា ទឹកក្រូចឆ្មា ១ស្លាបព្រា) និងមានគន្លឹះពិសេសមួយគឺ មិនលាយជាមួយទឹក ឬដាក់ទឹកកកឡើយ គ្រាន់តែកូរឱ្យចូលគ្នាសព្វ ផ្អែមជូរៗ រួចហើយក្រេបបំបាត់អាការក្អកបាន។ ចំណែកអាការក្អកបែបទី២ គួរតែទៅជួបគ្រូពេទ្យ បើមានអាការបន្ថែមដូចខាងតទៅ…
  • ក្តៅខ្លួន ៣៨,៩អង្សាC ឡើង
  • ក្អកមានស្លេស្ម៍ លាយឈាម មានពណ៌ក្រហមៗ ឬខៀវ
  • មានអាការហត់ដង្ហក់
  • ពិបាកដកដង្ហើម
  • ឈឺដើមទ្រូងខ្លាំង ទាំងពេលក្អក និងមិនក្អក
  • ក្អកជាប់ៗគ្នាយូរជាង 2 សប្តាហ៍
    តែជាសរុបទៅ បើលោកអ្នកនៅតែមិនបានធូរស្រាលពីអាការក្អកសោះនោះ គួរតែទៅជួបលោកគ្រូពេទ្យជាបន្ទាន់ និងកុំភ្លេចរៀបរាប់អំពីអាការក្អកឱ្យបានលម្អិតផង ព្រោះអ្វីដែលលោកអ្នករៀបរាប់ប្រាប់លោកគ្រូពេទ្យនោះ វាអាចជួយក្នុងការវិនិច្ឆ័យរោគ និងការព្យាបាលបានច្រើនណាស់៕
×