នេះជាទង្វើដ៏ហួសចិត្តមួយ ធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធើរណេតស្អប់ខ្ពើមជាខ្លាំង ដែលបុរសម្នាក់បានធ្វើល្បិចជាត្រូវរថយន្តគេកៀរឲ្យគ្រោះថ្នាក់ ហើយទាមទារសំណងពីម្ចាស់រថយន្ត រួចដើរចេញយ៉ាងព្រងើយ ។
តាមរយៈវីដេអូពីកាមេរ៉ាសន្តិសុខដងផ្លូវ បានបង្ហាញឲ្យឃើញបុរសចំណាស់ពាក់អាវយឺតពណ៌ខៀវ ស្លៀកខោខូវប៊យ បានដើរសសៀចិញ្ចើមផ្លូវ និងបានទៅឈរអែប (ពួន) នឹងបង្គោលភ្លើងមួយ ដើម្បីរង់ចាំមើល «ឱកាសល្អ» មកដល់ ។ ភ្លាមៗនោះ នៅពេលឃើញរថយន្តតូច១គ្រឿងចូលមកកៀក បុរសមានល្បិចខូចរូបនេះ បានប្រញាប់ប្រញាល់ដើរចុះផ្លូវ និងផ្តេកខ្លួនទៅផ្ទប់នឹងជញ្ជាំងរថយន្ត ហើយធ្វើជាដួលទៅនឹងដី ដោយបង្ហាញកាយវិការហាក់ដូចជារងរបួសជើងធ្ងន់ធ្ងរតែម្តង ។ បន្ទាប់ហេតុការណ៍ «បោកប្រាស់» នេះកើតឡើង
ភ្លាមៗនោះ ស្ត្រីជាម្ចាស់រថយន្តនោះ ក៏បានចុះមកពិនិត្យមើល និងបានជួយលើកបុរសនោះទៅកាន់លើចិញ្ចើមថ្នល់ ខណៈបុរសនេះនៅតែធ្វើជាឈឺចុកចាប់នៅត្រង់ជើងរបស់គាត់យ៉ាងខ្លាំង ។
ខណៈរថយន្តរថយន្តជាច្រើនទៀត កំពុងស្ទះចរាចរណ៍នៅពីក្រោយរថយន្តរបស់នាង ជាហេតុធ្វើឲ្យនាងរងសម្ពាធត្រូវតែ «ដោះស្រាយ» ករណីនេះជាបន្ទាន់ ។
ស្ត្រីនោះត្រូវបានឃើញយកអ្វីពីក្នុងរថយន្ត និងហុចវាទៅឲ្យបុរសនោះ ។ គេបានសន្មត់ថា ស្ត្រីនោះប្រាកដណាស់ជាបានដោះស្រាយ «លុយថ្លៃព្យាបាល» ឬក៏សំណងសម្រាប់បុរសនោះ មុនពេលបើករថយន្តចាកចេញ ។
ជាការពិតណាស់ បន្ទាប់ទទួលបានសំណងរួច បុរសនេះត្រូវបានឃើញអើតឆ្វេងស្តាំ ដើម្បីសម្លឹងរកមធ្យោបាយចាកចេញ ខណៈនៅតែស្ទាបជើងហាក់ដូចពុំទាន់បាត់ឈឺ ។ ទោះយ៉ាងណា ប៉ុន្មានវិនាទីក្រោយមក បុរសនេះក៏បានរកឃើញមធ្យោបាយធ្វើដំណើរ និងលោតជើងម្ខាងឆ្លងផ្លូវឡើង «ទំ» លើម៉ូតូកង់បី១គ្រឿងចាកចេញទៅយ៉ាងរីករាយ ៕ ឧត្តម