Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ការសាងក្រោះការពារដ៏រឹងមាំដល់កូន ពេលកូនត្រូវគេធ្វើបាប

ថាៗទៅ វាជារឿងធម្មជាតិមួយនៃភាពជាមនុស្សដែលរស់នៅរួមគ្នាក្នុងសង្គម ដែលអ្នករឹងប៉ឹង តែងតែរំលោភបំពានធ្វើបាបអ្នកទន់ខ្សោយជាងជានិច្ច ដោយសារតែរឿងហ្នឹងហើយ ទើបពេលយើងបញ្ជូនកូនៗឱ្យចូលទៅក្នុងសង្គមធំមួយ ដូចជាឱ្យទៅសាលារៀនជាដើម លោកឪពុកអ្នកម្តាយចាំបាច់ត្រូវតែបង្ហាត់បង្រៀនកូនៗ ឱ្យស្គាល់ និងចេះទប់ទល់នឹងបញ្ហាដែលត្រូវគេធ្វើបាប។

កុមារតូចៗខ្លះ ជាមនុស្សមិនសូវចូលចិត្តនិយាយ មិនចូលចិត្តប្រាប់ពីរឿងរ៉ាវដែលគេបានជួបនៅឯសាលារៀន នេះហើយដែលជាបញ្ហាធ្វើឱ្យកូនក្លាយជាក្មេងមានសម្ពាធក្នុងចិត្ត មិនចង់ចូលក្នុងសង្គម និងអាចទាំងមិនចង់ទៅសាលារៀនទៀតផង។ រឿងដំបូងគេ ដែលលោកឪពុកអ្នកម្តាយត្រូវធ្វើនោះគឺ ជជែកលេងជាមួយកូនឱ្យបានច្រើន ព្យាយាមធ្វើឱ្យគេក្លាយជាក្មេងប៉ិននិយាយ និងហ៊ានរៀបរាប់រឿងដែលគេបានជួបប្រទះ ឱ្យបានច្រើនបំផុត។ កុំបង្ហាត់កូនឱ្យក្លាយជាក្មេងប៉ិនខ្លាច តែត្រូវបង្ហាត់ឱ្យគេហ៊ានប្រឈមនឹងបញ្ហា និងចេះសម្រេចចិត្ត ដើម្បីកែបញ្ហា។

នៅក្នុងចំណែករបស់លោកឪពុកអ្នកម្តាយខ្លួនឯងវិញ ក៏ត្រូវតែនៅចាំជួយលើកទឹកចិត្ត និងនៅក្បែរកូនជានិច្ច បើកូនជួបបញ្ហាអ្វីមួយ ហើយមករៀបរាប់ឱ្យស្តាប់នោះ ក៏គួរតែទទួលស្តាប់ឱ្យចប់ជាមុនសិន មិនត្រូវឆ្លើយតបទៅកូនវិញដោយប្រើអារម្មណ៍ ឬកំហឹងឡើយ និងដែលសំខាន់នោះ គឺហាមប្រើកម្លាំងបាយជាដាច់ខាត ព្រោះកូននឹងទទួលបានផលអាក្រក់ ច្រើនជាងផលល្អ។

ផ្តល់នូវការណែនាំដែលល្អដល់កូន ដូចជា បើកូនត្រូវមិត្តភក្តិសើចចំអកឡកឡាយ គួរប្រាប់កូនថា ត្រូវនៅស្ងៀមណា៎កូន ដល់គេឃើញកូនមិនចាប់អារម្មណ៍តតាំង គេនឹងធុញ ហើយនឹងស្ងាត់ទៅវិញដោយឯកឯង។ បើកូនត្រូវគេធ្វើបាប ព្រោះនៅតែម្នាក់ឯង ចូរកូននៅជាមួយក្រុមមិត្តភក្តិ កុំដើរបែកចេញពីក្រុមទៅណាតែឯង មានមិត្តភក្តិនៅជុំគ្នាច្រើន កក់ក្តៅក្នុងចិត្តជាង។ បើមានអ្នកណាធ្វើបាបកូនជ្រុលហួសហេតុ រហូតដល់កូនទ្រាំលែងបាននោះ ចូរទៅប្រាប់លោកគ្រូតែម្តង មិនបាច់ខ្លាចថា អ្នកណានឹងវាយធ្វើបាបទាំងអស់ និងដែលសំខាន់នោះ លោកឪពុកអ្នកម្តាយខ្លួនឯង ហាមនិយាយបែបអគតិពីគូប្រឆាំងរបស់កូនជាដាច់ខាត ព្រោះវានឹងក្លាយជាការជំរុញឱ្យកូនស្អប់ និងចងគំនុំនឹងមនុស្សម្នាក់នោះ តែចូរនិយាយនូវអ្វីដែលផ្ទុយពីនោះវិញ ឱ្យកូនយល់ចិត្តអាណិតអាសូរអ្នកដែលមកធ្វើបាបយើងនោះវិញ ដើម្បីឱ្យកូនក្លាយជាក្មេងដែលចេះអត់ទោសឱ្យអ្នកដទៃ និងមិនចេះគុំកួន។

ត្រឹមតែប៉ុណ្ណឹង កូននឹងអាចទប់ទល់ជាមួយនឹងបញ្ហាដែលគេមិនចង់ជួបបានទៅហើយ ព្រោះក្រោះការពារដ៏រឹងមាំ ចាប់ផ្តើមចេញពីក្រុមគ្រួសារយើងហ្នឹងឯង៕

×