ខេត្តស្វាយរៀង ៖ យុវជនម្នាក់ជានិសិត្សឆ្នាំទី១ ផ្នែក IT ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្លៃប្រទេសនិងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនករណីឆបោកតាមប្រព័ន្ធសង្គមហ្វេសប៊ុកកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចភូមិ គោកល្វៀង សង្កាត់់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង។បើតាមលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងឲ្យដឹងថា៖ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្លាំងរាជធានីភ្នំពេញសហការជាកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងនិងបញ្ជាផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងចុះដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលផែនយុត្តិធម៌បង្ក្រាបនិងឃាត់ខ្លួនបានយុវជនម្នាក់ឆបោកតាមប្រព័ន្ធហ្វេសប៊ុកនិងដកលុយតាមវីងនៅចំនុចកើតហេតុខាងលើ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖តាមការឆ្លើយរបស់ជនសង្ស័យមានឈ្មោះ រុន ណាលិ ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរមុរបរជានិសិត្សឆ្នាំទី១ផ្នែក ITមានទីលំនៅភូមិ ដូនទយ ឃុំ ច្រេស ស្រុក ចន្ទ្រា ខេត្តស្វាយរៀងហើយនៅថ្ងៃដែលសមត្ថកិច្ចឃាត់ខ្លួននោះគឺខ្លួនបានមកដកលុយដែលបានមកពីការឆបោកតាមហ្វេសប៊ុក(ពោលគឺហែកអាខោនហ្វេសប៊ុកឲ្យជនរងគ្រោះផ្ញើលុយឲ្យខ្លួន)។ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចយើងដកហូតបានទូរស័ព្ទមួយគ្រឿងហើយបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនរួមនិងវត្ថុតាងយកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងបញ្ជួនបន្តទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ស្រី វុត្ថា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងត្រូវចូលរួមសហការជាមួយសមត្ថកិច្ចនិងរាយការណ៍ឲ្យសមត្ថកិច្ចរាល់សកម្មភាពកើតមានឡើងក្នុងមូលរដ្ឋានហើយសូមឲ្យបងប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការឆបោករបស់ជនខិលខូចតាមរយះរូបភាពផ្សេងៗជាច្រើនជាក់ស្តែងដូចថ្ងៃនេះជាដើម៕ វ៉ៃកូ