Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់មន្ទីរសាធារណការ និងមន្ទីរធនធានទឹក ពិនិត្យរកវិធីសាស្រ្តបង្ការករណីទឹកហូរខ្លាំង បង្កឲ្យបាក់ស្ពានបេតុងព្រែកថី

កណ្តាល ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ច្រាំង និងចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ បន្ទាប់ពីទឹកហូរខ្លាំងបង្កធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនលិចចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ក្រោយពីពិនិត្យតាមដងព្រែក ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម តាងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយសារឧបទ្ទេវហេតុគ្រោះមហន្តរាយទឹកជំនន់រដូវប្រាំង ដែលបានបង្កឲ្យផ្ទះសម្បែងប្រជាពលរដ្ឋស្រុត និងលិចចូលព្រែកអំឡុងពេលប៉ុន្មានថ្ងៃមុននេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា គ្រោះមហន្តរាយទឹកជំនន់រដូវប្រាំងនេះ បានកើតឡើងលើទូទាំងសកលលោក ដោយសារការបម្រែបម្រួលអាកាសធាតុ និងនិយាយដោយឡែកកម្ពុជា មានភូមិសាស្រ្តមួយចំនួនបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបតម្រូវ ជាក់ស្តែង របស់ប្រជាពលរដ្ឋរងគ្រោះ បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល និងចូលរួមពីកងប្រតិបត្តិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ចំនួន ០៣កង គឺ កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧២៣ បញ្ជាការដ្ឋានទ័ពពិសេស កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៩ បញ្ជាការដ្ឋានអង្គរក្ស និងកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៦ យោធភូមិភាគពិសេស ហើយបានសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ បានធ្វើការរុះរើផ្ទះរបស់ ប្រជាពលរដ្ឋដែល រងគ្រោះធ្ងន់ធ្ងរចំនួន ៦១ខ្នងផ្ទះ។

ជាមួយបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយម ពិនិត្យរកវិធីសាស្រ្តបង្ការករណីបាក់ស្ពានបេតុងព្រែកថីនេះ ដើម្បីបង្ការការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនកងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។

បន្ទាប់ពីអញ្ជើញចុះពិនិត្យ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញចូលរួមចែកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋប្រមាណ៧០គ្រួសារដែលរងគ្រោះ និងរុះរើផ្ទះចេញពីព្រែកថីផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×