តើយើងទាំងអស់គ្នា ដែលធ្លាប់សង្កេតមើលអ្នកគេងនៅជិតៗយើងខ្លះទេ ថាតើហេតុអីបានជាគេសង្កៀតធ្មេញនៅពេលគេងលក់?…មានការសិក្សាស្រាវជ្រាវមួយ បានព្យាយាមអធិប្បាយពន្យល់ អំពីមូលហេតុរបស់អាការគេងលក់ហើយសង្កៀតធ្មេញនេះថា វាមានផលប៉ះពាល់ចំពោះសុខភាពយ៉ាងណា និងមានភ័ស្តុតាងមួយចំនួន បានអះអាងរួចហើយថា ស្ថានភាពផ្លូវចិត្ត និងអារម្មណ៍ មានចំណែកពាក់ព័ន្ធនឹងការគេងសង្កៀតធ្មេញនេះ។
កម្រិតរបស់ការគេងសង្កៀតធ្មេញនេះ មានភាពខុសប្លែកពីគ្នាខ្លាំងនៅលើមនុស្សម្នាក់ៗ ដោយវានឹងមានចំណែកពាក់ព័ន្ធជាមួយភាពតានតឹងធុញថប់ សភាវរបស់អារម្មណ៍ និងសម្ពាធផ្លូវចិត្តផ្សេងៗ ដែលកើតមាននៅក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការលែងលះគ្នា ការអត់ការងារធ្វើ ឬក្នុងអំឡុងពេលត្រៀមប្រឡងអ្វីមួយ។
អាការគេងសង្កៀតធ្មេញនេះ ក៏អាចមានមូលហេតុមកពីថ្នាំ ដែលទទួលទានមួយចំនួនដែរ តែស្ថិតក្នុងភាគរយតិចបំផុត។ ក្រៅពីនេះ នៅមានរបាយការណ៍ដោយឡែកមួយទៀតបានប្រាប់ថា ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ក៏អាចធ្វើឱ្យកើតអាការគេងសង្កៀតធ្មេញបានដែរ។
អ្នកគេងសង្កៀតធ្មេញ ភាគច្រើនមិនបានដឹងថា ខ្លួនឯងមានអាការគេងសង្កៀតធ្មេញនេះឡើយ។ គេសង្កេតឃើញថា មានត្រឹមតែ ១០% នៃចំនួនមនុស្សធំ និង ៥% នៃចំនួនកុមារប៉ុណ្ណោះ ដែលដឹងថា ខ្លួនឯងមានអាការគេងសង្កៀតធ្មេញ តែមួយចំនួនទៀត អាចដឹងថា ខ្លួនឯងគេងសង្កៀតធ្មេញ តាមរយៈមិត្តភក្តិ ឬអ្នកដែលគេងក្បែរ គេប្រាប់ឱ្យដឹង។
មូលហេតុរបស់ការគេងសង្កៀតធ្មេញ៖
បណ្ដាលមកពីភាពតានតឹងធុញថប់ក្នុងអារម្មណ៍ និងមូលហេតុមួយទៀត គឺមកពីប្រអប់មាត់ ដែលធ្មេញរវាងជួរខាងក្រោមនឹងជួរខាងលើ មានគម្លាតពីគ្នា ដោយសារតែការធ្លាប់ធ្វើធ្មេញ ប៉ះធ្មេញ ឬពត់តម្រង់ធ្មេញជាដើម ទើបធ្វើឱ្យនៅពេលគេងលក់ ធ្មេញព្យាយាមកម្ចាត់ចំណុចទាប-ខ្ពស់ មិនស្មើគ្នានៅត្រង់នោះ ដោយការសង្កៀតគ្នា។
ផលអាក្រក់បណ្ដាលពីការគេងសង្កៀតធ្មេញ៖
អាការគេងសង្កៀតធ្មេញ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយទេ តែវានឹងធ្វើឱ្យធ្មេញ ឆាប់សឹករេចរឹលអស់ជារឿយៗ និងក្នុងករណីដែលសង្កៀតធ្មេញខ្លាំងៗ ធ្មេញនឹងសឹកចូលដល់ប្រហោងសរសៃប្រសាទធ្មេញ ធ្វើឱ្យកើតអាការស្រៀវធ្មេញ ឈឺធ្មេញ រហូតដល់ត្រូវព្យាបាលឫសធ្មេញនៅទីបំផុត។
វិធីការពារព្យាបាល អាការគេងសង្កៀតធ្មេញ៖ ក្នុងករណីដែលមានមូលហេតុពីភាពតានតឹងធុញថប់ ចូរព្យាយាមបន្ធូរបន្ថយអារម្មណ៍ និងឧស្សាហ៍ហាត់ប្រាណ ដើម្បីបញ្ចេញសារធាតុ អេន-ដូ-ហ្វ៊ីន ឱ្យរាងកាយមានសារធាតុនៃសេចក្តីសុខច្រើន។ អាការគេងសង្កៀតធ្មេញនេះ លោកគ្រូពេទ្យមិនអាចព្យាបាលឱ្យជាដាច់ ១០០% បានទេ តែមានវិធីជួយសម្រាល មិនឱ្យធ្មេញឆាប់សឹករេចរឹលខ្លាំងបាន។
លោកគ្រូពេទ្យបានណែនាំថា បើមិនដឹងថាតើ ខ្លួនឯងគេងសង្កៀតធ្មេញ ឬក៏អត់នោះ ចូរសួរអ្នកដែលគេងក្បែរ ឬទៅជួបលោកគ្រូពេទ្យ ដើម្បីពិនិត្យមើលថា តើធ្មេញមានសឹក ឬបែកបាក់ដែរឬទេ? និងវិធីមួយទៀត ដែលអាចពិនិត្យមើលដោយខ្លួនឯងបាននោះ គឺនៅពេលភ្ញាក់ឡើង តើមានអារម្មណ៍ឈឺចុករួយធ្គាមដែរឬទេ? ជួនកាលអាចឈឺ រាលឡើងទៅដល់ក្បាល ឬមានអារម្មណ៍ថា ចុករួយ-ក ដែលអ្នកខ្លះអាចនឹងគិតថា ដោយសារតែគេង ក្បាលធ្លាក់ពីខ្នើយ ឬគេងខុសឥរិយាបថ តែមូលហេតុពិតប្រាកដវិញ គឺបណ្តាលមកពីគេងសង្កៀតធ្មេញខ្លាំងៗហ្នឹងឯង៕