ការរួមសិច ឬការរួមភេទ គឺជារឿងប្រក្រតីសម្រាប់មនុស្សដែលជាស្វាមីភរិយា ឬរស់នៅជាមួយគ្នាជាជីវិតគូ តែក៏មានមនុស្សមួយចំនួនដែរ ដែលគេចពីការរួមសិច ឬមិនចង់រួមភេទ។
អ្នកស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ ចិត្តវិទ្យា និងសុខភាពសាធារណៈនៅសហរដ្ឋអាមេរិក បានរៀបរាប់អំពីរឿងនេះនៅក្នុងវេបសាយល្បីឈ្មោះមួយថា មនុស្សដែលបដិសេធការមានភេទសម្ព័ន្ធ ឬការរួមសិចជាមួយដៃគូរបស់ខ្លួន ភាគច្រើនមានពាក់ព័ន្ធនឹងភាពសោកសៅនៅក្នុងចិត្ត មានកង្វល់ក្នុងចិត្ត ឬមិនទេ ក៏កំពុងមានបញ្ហារឿងសម្ព័ន្ធភាពជាមួយដៃគូរបស់ខ្លួន។ ខណៈដែលលទ្ធផលនៃការវិភាគមួយចំនួន បានបញ្ជាក់ថា មានស្ត្រីច្រើនជាង ៤០% ដែលមិនចង់រួមសិច ព្រោះមានបទពិសោធឈឺចាប់ខណៈពេលមានភេទសម្ព័ន្ធ ឬមិនទេ ក៏ដោយសារតែមិនសូវមានអារម្មណ៍ខាងផ្លូវភេទ។
ក្រៅពីនេះ គេនៅរកឃើញទៀតថា ស្ត្រីមានសញ្ញាក្នុងការបដិសេធការរួមសិច ច្រើនជាងបុរស ដែល ១ផ្នែកអាចដោយសារតែកាលនៅវ័យក្មេង ធ្លាប់រងការបៀតបៀនផ្លូវភេទ រហូតដល់ចងចាំក្នុងចិត្ត និងមានអារម្មណ៍អវិជ្ជមានជាមួយមនុស្សភេទផ្ទុយ។
ចំណែកស្ត្រីដែលកំពុងមានគភ៌ និងមិនព្រមរួមកិច្ចការងារលើគ្រែជាមួយស្វាមីវិញ គឺដោយសារតែខ្លាចមានការរលូតបុត្រ ឬបារម្ភខ្លាចក្រែងមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ រួមទាំងមានអាការនឿយហត់ រហូតធ្វើឱ្យសេចក្ដីត្រូវការខាងផ្លូវភេទធ្លាក់ចុះក៏មានដែរ។
ខណៈដែលមូលហេតុចម្បងៗដែលធ្វើឱ្យភាគីបុរស មិនចង់មានសិចវិញ មានទាំង អសមត្ថភាពខាងផ្លូវភេទ មានជំងឺរ៉ាំរ៉ៃ ឬមិនធ្លាប់មានឱកាសបានរួមសិចក្នុងអំឡុងកាលនៅវ័យយុវជន ជាដើម។
ទាំងអស់នេះ បញ្ហាផ្នែកសុខភាព អាចរាប់ថា ជាមូលហេតុសំខាន់ ១ប្រការដែរ ដែលធ្វើឱ្យទាំងស្ត្រី និងបុរស មិនចង់មានភេទសម្ព័ន្ធ ដូចជា អ្នកដែលកើតជំងឺបេះដូង ច្រើនតែចៀសវាងពីការរួមភេទ ព្រោះខ្លាចថា វានឹងធ្វើឱ្យកើតអាការគាំងបេះដូងភ្លាមៗ ទើបមិនចង់ប្រថុយ។
ចំណែកអ្នកដែលកើតជំងឺទឹកនោមផ្អែម និងធាត់ដុះក្បាលពោះធំ ក៏ច្រើនតែកាត់បន្ថយកិច្ចការងារខាងផ្លូវភេទខុសពីមុនដែរ ព្រោះជំងឺទឹកនោមផ្អែម មានផលប៉ះពាល់ដល់ការមានសិចដូចគ្នា និងថែមទាំងមានបញ្ហារឿងទម្ងន់ខ្លួនកើនលើស ឬធាត់ ដុះក្បាលពោះធំពេក ក៏ធ្វើដៃគូដំណេករបស់ខ្លួន អស់អារម្មណ៍ក្នុងការចង់ចូលទៅនែបនិត្យជិតគ្នា ឬចង់មានភេទសម្ព័ន្ធជាមួយ៕