ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានអញ្ជើញចុះមកអំណេះ សំណាល និងប្រគល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅបុរីផ្ទះល្វែងចំការល្មុត និងចំការស្វាយ ភូមិ តាង៉ូវក្រោមចំនួន
៤០៧គ្រួសារ ក្រោយពីពួកគាត់រស់នៅ មិនមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ឆ្នាំកន្លងមកនេះ។
ពិធីនេះធ្វើនាព្រឹកថ្ងៃទី២៤ មិថុនានេះ នៅក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយមានការចូលរួមពី អភិបាលរងរាជធានី មន្ទីរពាក់ព័ន្ធ និងលោកចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមនិងប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ។
លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានទទួល ប័ណ្ណកម្មសិទ្ធិ នាពេលនេះមានចំនួន៤០៧គ្រួសារឬ ខ្នងផ្ទះ ដែលពួកគាត់បាននឹងកំពុងរស់នៅក្នុងបុរីផ្ទះល្វែងចំការល្មុត និងចំការស្វាយ ស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ លោកបន្តថា អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើ ជាជំហានដំបូងនោះ គឺត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ពេលបងប្អូនបានប័ណ្ណនេះហើយ បងប្អូនអាចយកប័ណ្ណនេះទៅផ្ទេរកម្មសិទ្ធិ តែម្តង ហើយតម្លៃនៃការផ្ទេរ ឬបង់ប័ណ្ណអចនទ្រព្យចំនួននេះត្រឹមតែ៦០ម៉ឺនរៀល តែកុំឲ្យគេរត់ការឲ្យ។
លោកបន្ដថា៖ប្រជា ពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ កាលពីមុនបងប្អូនបង់រហូតដល់ទៅ ៥០០ដុល្លារ ទៅ៨០០ដុល្លារ ឯណ្ណោះ ។ ចំពោះការបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋ មកបង់ពន្ធត្រឹមតែ ១លើកប៉ុណ្ណោះ ចុងក្រោយ ។ ប៉ុន្តែទោះបីជាយ៉ាង ណាក្តី ចំពោះការលើកលែងនេះ គឺមានសុពលភាពត្រឹមតែថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ បើហួសពីពេលនេះទៅ គឺរដ្ឋាភិបាល នឹងអនុវត្តដដែល ដោយមិនមានការលើកលែងទៀតទេ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មានផលប្រយោជន៍២យ៉ាង ពោលគឺប្រជាពលរដ្ឋ ក៏បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ ដោយមានផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន។
លោកបន្ដថា៖ កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀត រហូតដល់៤នាក់ ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់ គឺត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះ តាមចំនួនដង។
លោកបន្តថា ៖ ពេលបងប្អូនបានប័ណ្ណនេះហើយ បងប្អូនអាចយកប័ណ្ណនេះទៅផ្ទេរកម្មសិទ្ធិ តែម្តង ហើយតម្លៃនៃការផ្ទេរ ឬបង់ប័ណ្ណអចនទ្រព្យ ត្រឹមតែ៦០ម៉ឺនរៀល ហើយបងប្អូន សូមទៅផ្ទេកម្មសិទ្ធិដោយខ្លួនឯងផ្ទាល់ កុំឲ្យគេរត់ការអី ព្រោះខ្លាចអ្នករត់ការនោះ គេយកតម្លៃ លើសពីនេះ គុណ២ដង និងមានការថ្នាំងថ្នាក់ទៅថ្ងៃក្រោយ ៕ ដោយ៖កូឡាប