ភ្នំពេញៈ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១-២២-២៣ ខែមករា ឆ្នាំ២០២៣ នៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ស្ថានភាពសន្តិសុខ សណ្តាប់សាធារណៈ និងស្ថានភាពជារួមនៅរាជធានីភ្នំពេញ គឺមានស្ថានភាពល្អ មិនមានបាតុភាពអ្វីគួរឲ្យកត់សម្គាល់កើតឡើងនោះទេ ទាំងបញ្ហាសន្តិសុខ និងបញ្ហាសណ្តាប់ធ្នាប់ផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
លោកបានបន្តថា ទាក់ទងបញ្ហាអគ្គិភ័យ គឺមានករណីអគ្គិភ័យកើតឡើងចំនួន ២លើក គឺនៅថ្ងៃទី២២ ខែមករា កើតឡើងនៅខណ្ឌពោធិសែនជ័យ បង្កឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន និងនៅថ្ងៃទី២៣ ខែមករា នេះ គឺកើតឡើងនៅខណ្ឌសែនសុខ បង្កឲ្យខូចខាតទ្រព្យសម្បត្តិ។ អគ្គិភ័យទាំងពីរលើកនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតជារួមស្ថានភាពទូទៅ គឺល្អដោយសារតែមានផែនការច្បាស់លាស់ ដាក់ចេញដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ហើយកម្លាំងគ្រប់ផ្នែកទាំងអស់បានចេញតាមផែនការ។ ជាពិសេសកម្លាំងអន្តរាគមន៍ទាំងការិយាល័យជំនាញខណ្ឌ ប៉ុស្តិ៍ គឺបានចេញល្បាតជាប្រចាំដើម្បីរក្សាការពារឲ្យបាននៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។ សរុបជារួមមមក គឺស្ថានភាពល្អប្រសើរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ