Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម នឹងប្រែក្លាយចម្ការកៅស៊ូជប់ ក្នុងខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ

spot_img

ត្បូងឃ្មុំ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងនឹងប្រែក្លាយចម្ការកៅស៊ូជប់ ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូអមដំណើរ ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាស្ថិតនៅក្នុង ឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ឌិត ទីណា ចុះទស្សនកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មី មានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយ នូវការចំណាយផ្សេងៗក្នុងផលិតកម្ម ។

ក្នុងពិធីទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមស្ដាប់បទបង្ហាញអំពីការបង្កាត់ពូជកៅស៊ូ ការជ្រើសរើសក្លូន (Clone) និងផលិតកម្មដំណាំកៅស៊ូ ដែលមានលក្ខណៈខុសៗគ្នា។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការសាកល្បងចៀរជ័រកៅស៊ូដោយផ្ទាល់ដើម្បីមើលលំហូរជ័រ ហើយបានណែនាំឱ្យធ្វើការសិក្សាពីផលិតកម្ម ដំណើរការដាំដុះកៅស៊ូ ការរំញោចនៃប្រភេទពូជនីមួយៗ ជាពិសេសប្រសិទ្ធភាពនៃដំណាំគម្របដី និងជីនៅចន្លោះដើមកៅស៊ូ។ មួយវិញទៀត ត្រូវពិនិត្យមើលលើលទ្ធផលចៀរជ័រប្រចាំឆ្នាំ តម្លៃទីផ្សារ និងគិតគូរពីកំលាំងពលកម្មផងដែរ។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ខ្ញុំនឹងឲ្យជំនាញយើង រៀបចំការពារ និងព្យាបាល ដែលមួយចំនួន វាអាចមានជំងឺអីនោះ ព្រោះវាជាស្តុក នៃពូជសម្រាប់ការស្រាវជ្រាវ និងផលិតពូជបន្តទៅទៀត ថ្ងៃក្រោយទៅគឺថា រាប់ជាសារៈមន្ទីរហើយ ក្នុងផ្ទៃដី១៤ហិកតា របស់ចំការកៅស៊ូជប់ ដោយនឹងរៀបចំការពារឲ្យបានល្អ ហើយទុកសម្រាប់សិក្សាស្រាវជ្រាវ សម្រាប់ពូជរបស់យើង។

ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ចំការកៅស៊ូជប់ មានកៅស៊ូដែលនៅសល់តាំងពីជំនាន់មុនមក ដោយយោងតាមឯកសារ គឺឆ្នាំ១៩២៤ មកដល់បច្ចុប្បន្ន មានអាយុកាល៩៩ឆ្នាំ។

ឯកឧត្តមបានគូសបញ្ជាក់ថា អ្វីដែលសំខាន់ យើងអាចចាត់ទុកថា ជាសារមន្ទីរកៅស៊ូ ឬអាចចាត់ទុក ជាទ្រព្យសម្បត្តិរបស់ជាតិមួយដ៏មានតម្លៃ ព្រោះគ្មាននៅកន្លែងណាផ្សេងទៀតទេ ដែលកៅស៊ូ យកមកដាំពីមុនមក នៅសល់ប្រមាណ៤៧៧ដើម។

បន្ថែមពីនោះទៀត រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងឲ្យជំនាញរៀបចំការពារ និងព្យាបាលកៅស៊ូ នៅក្នុងចម្ការកៅស៊ូជប់ ដែលមួយចំនួន វាអាចមានជំងឺ ព្រោះវាជាស្តុក នៃពូជសម្រាប់ការស្រាវជ្រាវ និងផលិតពូជបន្តទៅទៀត។

ឯកឧត្តម បានចូលពិនិត្យក្នុងមន្ទីរពិសោធន៍ ដើម្បីពិនិត្យមើលការវិភាគជ័រកៅស៊ូជាក់ស្តែង ការពិនិត្យសមត្ថភាពកៅស៊ូ និងការបែងចែកចំណាត់ថ្នាក់កៅស៊ូ ហើយក្នុងនោះដែរ ឯកឧត្តម បានណែនាំឱ្យធ្វើការអភិរក្សចំការកៅស៊ូជប់ ដែលនៅសល់ប្រមាណ៤៧៧ដើមតាំងពីឆ្នាំ១៩២៤ ដោយឱ្យជំនាញធ្វើការរៀបចំ ថែរក្សាទុក និងដាក់ស្លាកលេខសម្គាល់លើដើមកៅស៊ូនីមួយៗ។ ជាមួយគ្នានេះដែរ ត្រូវធ្វើពូជថ្មីសម្រាប់កសិករ ដាំដុះ ហើយត្រូវយកចិត្តដាក់លើការពិសោធន៍ជ័ររាវ ព្រោះមានសារសំខាន់ ដែលធ្វើឱ្យយើងដឹងពីប្រសិទ្ធភាពនៃដើមកៅស៊ូ។ បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យមានការសរសេរអត្ថបទកៅស៊ូថ្មី ដែលមានលក្ខណៈបែបវិទ្យាសាស្ត្រ។

សូមជម្រាបជូនថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មីមានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយនូវការចំណាយផ្សេងៗក្នុងផលិតកម្ម ដោយវិធីសាស្ត្រ No till planter ។

សូមបញ្ជាក់ថា ចម្ការកៅស៊ូជប់ មានទីតាំងស្ថិតមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលនៅសល់ដើមកៅស៊ូ អាយុកាល៩៩ឆ្នាំ ប្រមាណ៤៧៧ដើម និងមានផ្ទៃដីប្រមាណ១៤ហិកតា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×