Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការទី៥ នៃរដ្ឋសភា និងក្រសួងព័ត៌មាន ឯកភាពបន្តកិច្ចសហការគ្នាបន្ថែមទៀត លើការងារផ្សព្វផ្សាយព័ត៌មានប្រកបដោយ គុណភាព ដល់សាធារណជន

spot_img

ភ្នំពេញៈ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធជួបប្រជុំជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង សហការី ដើម្បីស្វែងយល់ពីកិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ។ កិច្ចប្រជុំនេះរៀបចំឡើងអនុលោមតាម រដ្ឋធម្មនុញ្ញ មាត្រា៩៧ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប្រការ៣៤ថ្មី និងសេចក្តីសម្រេចលេខ ០០៥រស ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានមានប្រសាសន៍ស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះជំនួបពិភាក្សានាពេលនេះ ដោយបានចាត់ទុកថា កិច្ចប្រជុំនាពេលនេះ គឺជាការពិគ្រោះយោបល់រវាង គណៈកម្មការជំនាញរដ្ឋសភា ជាមួយក្រសួងព័ត៌មាន ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ប្រព័ន្ធសារព័ត៌មាននៅកម្ពុជា សំដៅលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងជម្រុញកិច្ចសហការ ជាមួយក្រសួងព័ត៌មានក្នុងការផ្សព្វផ្សាយអំពីកិច្ចការសភា និងកិច្ចការរបស់តំណាងរាស្ត្រជូនសាធារណជន ឱ្យកាន់ត ទូលំទូលាយ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ជម្រាបជូន អំពីការវិវឌ្ឍ រីកចម្រើននៃវិស័យព័ត៌មាន ក្នុងបរិបទនៃសម័យបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យស្ថាប័នផ្សព្វផ្សាយព័ត៌មានទាំង សាធារណៈ និងឯកជននៅកម្ពុជា មានការកើនឡើងច្រើនទាំងកាសែត វិទ្យុ ទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយ អនឡាញជាដើម។ ភាពរីកចម្រើននេះក៏នឹងនាំឱ្យក្រសួងគិតគូរពីការធ្វើបច្ចុប្បន្នភាពលើច្បាប់ស្តីពីរបបសារព័ត៌មាន នៅពេលខាងមុខ ដើម្បីឱ្យសមស្របទៅនឹងបរិបទជាក់ស្តែងនៃសង្គមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ក្រសួងកំពុងដំណើរការរៀបចំ ទមឌីជីថល ដែលអាចឱ្យស្ថានីយ ទូរទស្សន៍ឯកជនទាំងអស់នៅកម្ពុជា ជួលសេវាកម្មនេះក្នុងការផ្សព្វផ្សាយស្ថានីយរបស់ខ្លួនបានគ្របដណ្ដប់ពេញ ទូទាំងប្រទេស។
ភាគីទាំងពីរក៏បានលើកឡើងអំពីសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដែលច្បាប់នេះគឺជាច្បាប់ដ៏សំខាន់ មានភាពស្មុគស្មាញ និងមានការពាក់ព័ន្ធក្រសួងស្ថាប័នជាច្រើនដែលត្រូវធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ ស្ថិតនៅក្រសួងយុត្តិធម៌ កំពុងពិនិត្យមើលលើជំពូកស្ដីពីទោសប្បញ្ញត្តិ និងមាន គម្រោងសម្រេចចេញឱ្យបាននៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ។
គណៈកម្មការរដ្ឋសភា និងក្រសួងព័ត៌មាន បានយល់ស្របគ្នាថា ព័ត៌មានមានសារសំខាន់បំផុត សម្រាប់ ការដឹកនាំនៅក្នុងសតវត្សថ្មី «ការផ្សព្វផ្សាយព័ត៌មានល្អគឺជួយសង្គម ការផ្សព្វផ្សាយព័ត៌មានមិនល្អគឺជាការ ជាន់ពន្លិចសង្គម»ភាគីទាំងពីរក៏បានកោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជាដែលបានចូលរួមជា មួយរាជរដ្ឋាភិបាលក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ នៅក្នុងការងារគ្រប់គ្រងព័ត៌មានមិនពិត និងបាន ចូលរួមផ្សព្វផ្សាយព័ត៌មានច្បាស់លាស់អំពីបញ្ហាជំងឺកូវីដ១៩ ដោយបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹង ចូល រួមក្នុងការចាក់វ៉ាក់សាំងរហូតដល់ដូសទី បានជាង១០លាននាក់ ដែលអាចឱ្យយើងគ្រប់គ្រងស្ថានការណ៍បាន និងបើកដំណើរការប្រទេសឡើងវិញបានដោយសុវត្ថិភាព។

រដ្ឋសភាបានលើកជាសំណូមពរដល់ក្រសួងព័ត៌មាន ធ្វើការសិក្សាពិនិត្យលទ្ធភាពក្នុងការបង្កើតកម្មវិធីទូរទស្សន៍របស់សភាដាច់ដោយឡែក ក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់សាធារណជនឱ្យបានជ្រួតជ្រាបនូវកិច្ច ការងារសភាជាពិសេសក្នុងក្របខណ្ឌក្រុមសមាជិកសភាវ័យក្មេងក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋជាម្ចាស់ ឆ្នោត។ ភាគីទាំងពីរ ក៏បានលើកឡើងនូវគំរូជាឧទាហរណ៍ អំពីប៉ុស្តិ៍ទូរទស្សន៍សភានៃបណ្ដាប្រទេសជឿនលឿន មួយចំនួនទាំងនៅអាស៊ី និងអឺរ៉ុប។ រដ្ឋសភាក៏បានស្នើដល់ក្រសួងព័ត៌មាន ធ្វើការពិចារណា ក្នុងការផ្តល់មេដាយ ឆ្នើម ជូនអ្នកសារព័ត៌មានកម្ពុជាណាដែលបានការទទួលស្គាល់នូវគុណតម្លៃពីរដ្ឋសភា និងបានជ្រើសរើស ក្រោម ការពិនិត្យវាយតម្លៃអំពីគុណសម្បត្តិនិងការខិតខំបំពេញការងារទៅតាមវិជ្ជាជីវៈរបស់ខ្លួន ដោយក្រសួងព័ត៌មាន។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហការគ្នាបន្ថែមទៀត លើការងារផ្សព្វផ្សាយព័ត៌មានប្រកបដោយ គុណភាព ដល់សាធារណជន និងរួមគ្នារវាងក្រសួងនិងរដ្ឋសភាដើម្បីការពារធម្មានុរូបនៃលទ្ធផលបោះឆ្នោត នាពេលខាងមុខ ក៏ដូចជាការជម្រុញការផ្សព្វផ្សាយព័ត៌មានអំពីសភា. ការអប់រំច្បាប់ និងភាពសុខដុមរមនា ផ្នែកសាសនានៅកម្ពុជាជាដើម៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×