Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យក្មេងតូចអាយុ៦០ថ្ងៃស្លា.ប់ និងបុរស-ស្ត្រីពីរនាក់រងរបួសធ្ងន់ តុលាការអះអាងបន្តនីតិវិធី ខណ:មហាជនចង់ឃើញការជំនុំជម្រះ

spot_img

ភ្នំពេញ ៖ រំលឹកទៅដល់គ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់បើករថយន្តទំនើបក្នុងស្ថានភាពស្រវឹង បុកម៉ូតូម៉ាកស្គូពីមួយគ្រឿងជិះដោយស្ត្រីម្នាក់ កូនតូចអាយុ ៦០ថ្ងៃម្នាក់ និងបុរសម្នាក់ទៀត សរុប៣នាក់ រងរបួសធ្ងន់ ហើយក្រោយមក ក្មេងតូចអាយុ ៦០ថ្ងៃក៏បានស្លាប់ ដែលហេតុការណ៍នោះបានកើតឡើងនៅលើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីជិត២ខែមុន ពេលនេះតុលាការបានបង្ហាញចំណាត់ការតាមផ្លូវច្បាប់ជាបន្តទៀត ដោយបញ្ជាក់ថា បុរសអ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹងនោះ ត្រូវបានចោទប្រកាន់រួចហើយ, តុលាការក៏បានចេញដីកាបញ្ជាឱ្យចូលខ្លួនផងដែរ តែជនបង្កមិនព្រមចូល ឥឡូវការងារនេះត្រូវបានបន្ត។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបុរសអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ហើយបុកម៉ូតូម៉ាកស្គូពីមួយគ្រឿងនោះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឱ្យមានការផ្ញាក់ផ្អើល និងមហាជន ប្រជាពលរដ្ឋ និងមន្ត្រីជាន់ខ្ពស់ ប្រតិកម្មយ៉ាងខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈមានក្រុមមន្ត្រីរត់ការចង់ឱ្យជនបង្ករួចខ្លួនពីទង្វើដែលខ្លួនបាន បើកបរខ្ជីខ្ជាបណ្ដាលឱ្យរបួសធ្ងន់ និងស្លាប់។

យុវជនដែលបើកបរខ្ជីខ្ជាបង្កគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ សោម ណូរីទីឃា អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ ជិះរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-9989 បើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្ន។ ចំណែកភាគីជនរងគ្រោះ ធ្វើដំណើរស្របទិសគ្នា ជិះម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្តាល1B-9979 បើកបរដោយបុរសមកនាក់ឈ្មោះ ប៉ែន ចំរើន អាយុ៤០ឆ្នាំ, អ្នករួមដំណើរមានស្ត្រីមា្នក់ឈ្មោះ កែវ លក្ខិណា អាយុ៣១ឆ្នាំ និងកូនតូចរបស់នាង មានឈ្មោះ សុខ ឡេង ភេទប្រុស អាយុ៦០ថ្ងៃ ពួកគេរងរបួសធ្ងន់ទាំង៣នាក់, ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ពេលមួយសប្តាហ៍ គឺមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្មេងតូចឈ្មោះ សុខ ឡេង ដែលរងរបួសធ្ងន់នោះ បានទទួលមរណៈភាព។

ងាកមកមើល ចំណាត់ការជាបន្តតាមផ្លូវច្បាប់របស់តុលាការវិញ, បើតាមសេចក្ដីប្រកាសព័ត៌មាន នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយពីទទួលបានសំណុំរឿងពីមន្ដ្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគីជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ជាឲ្យចូលខ្លួនលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការដើម្បីស្តាប់ចម្លើយអំពីអង្គហេតុខាងលើ។

បើតាមអ្នកនាំពាក្យ, ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ និងមានរបួសដល់អ្នកដទៃ» ប្រព្រឹត្តនៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

មាត្រា៨៣ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យរបួសដល់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយអត្រាជាតិអាកុលចាប់ពី០,៤០ (សូន្យក្បៀសសែសិប) មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅបណ្ដាលឲ្យមានរបួសច្រើននាក់ អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០(បួនលាន) រៀល ទៅ ១៥,០០០,០០០ (ដប់ប្រាំលាន) រៀល។

មាត្រា៨៥ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី០,៤០ (សូន្យក្បៀសសសិប) មិលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅអំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី១០,០០០,០០០ (ដប់លាន) រៀល ទៅ២៥,០០០,០០០ (ម្ភៃប្រាំលាន) រៀល។

ពេលនេះ មហាជន និងប្រជាពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការជាបន្តរបស់តុលាការ ថាតើនៅពេលឈានចូលដល់អង្គសេចក្ដី តុលាការនឹងសម្រេចទោសជនបើកបរខ្ជីខ្ជាបង្កគ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស និងធ្វើឲ្យរងរបួសនេះ ដោយកម្រិតណា?!៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×