ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់បម្រើការនៅក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីផ្ទុះជម្លោះជាមួយស្រីស្នេហ៍ និងបានបង្កអំពើហិ.ង្សាលើបុរសម្នាក់ដែលជាប្អូនស្រីស្នេហ៍របស់ខ្លួន នៅចំណុចផ្ទះខាងស្រី ក្នុងភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោងជាង ១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនបង្កដែលជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺមានអ្នកអន្តរាគមន៍សម្របសម្រួលជាមួយជនរងគ្រោះ។ ប៉ុន្តែគិតមកដល់ម៉ោង ៧យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ការដោះស្រាយរវាងគូរភាគីទាំងពីរ គឺនៅមិនទាន់ស្រូវគ្នានៅឡើយទេ។ ដោយសមត្ថកិច្ចបានអះអាងថា បើសិនជាការសម្របសម្រួលមិនត្រូវគ្នា គឺនឹងបញ្ជូនសំណុំរឿងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចខណ្ឌសែនសុខបានប្រាប់ CEN នៅល្ងាចថ្ងៃទី២៦ ខែមករា នេះថា ជនបង្កឈ្មោះ ជិន ណារ៉ុង មន្ត្រីបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា។ ជិះរថយន្តឡង់គ្រីស័រ ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-6072។ ជនងគ្រោះ ហេង បូរី ភេទ អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវជាប្អូនប្រុសបង្កើតនារីជាស្រីស្នេហ៍របស់មន្ត្រីក្រសួងអប់រំរូបនោះ។
ចំណែកលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ CEN នៅព្រលប់ថ្ងៃទី២៦ ខែមករា នេះថា “ករណីនេះ ទុកឲ្យភាគីទាំងពីរសម្របសម្រួលគ្នាសិន។ ចំណែកចំណាត់ការបើជនរងគ្រោះគេអត់ព្រមត្រូវតែបញ្ជូនហើយ។ ប៉ុន្តែក្នុងនាមយើងអាជ្ញាធរយើងឲ្យគាត់សម្របសម្រួលគ្នា។ មកដល់ពេលនេះ នៅមិនទាន់សម្របសម្រួលគ្នាត្រូវនៅឡើយទេ។ ជនបង្កនៅកន្លែងសមត្ថកិច្ចនៅឡើយទេ”។

ទាក់ទងករណីនេះ ជនបង្កបានប្រាប់សមត្ថកិច្ចថា ខ្លួនបានបើករថយន្តមកផ្ទះនារីជាស្រីស្នេហ៍ ប៉ុន្តែខាងស្រីមិនព្រមបើកទ្វារឱ្យចូល ក៏ស្រែកឡូឡាផ្អើលអ្នកជិតខាង និងបង្កជម្លោះជាមួយប្អូនប្រុសបង្កើតខាងស្រីបង្កជារបួសស្នាមបន្តិបន្តួចត្រង់មុខ ។

ចំណែកភាគីខាងស្រីបានអះអាងថា ខ្លួនបានស្គាល់ឈ្មោះ ជិន ណារ៉ុង ដោយមានទំនាក់ទំនងស្នេហាអស់រយៈពេលជាងមួយឆ្នាំ ប៉ុន្តែមួយរយះចុងក្រោយនេះបានផ្ដាច់ទំនាក់ទំនងនឹងគ្នាហើយ តែបុរសនេះចេះតែមករកខ្លួន តែរូបខ្លួនមិនចង់ជួបទេគេច មុខរហូត។ លុះមកដល់ថ្ងៃកើតហេតុនេះស្រាប់តែបុរសនោះបានបើករថយន្តមកដល់ផ្ទះរបស់ខ្លួន ហើយក៏បានគោះទ្វារស្រែកហៅឱ្យបើកទ្វារឱ្យ តែរូបគាត់មិនបើកឱ្យចូលទេ។ ស្រាប់តែបុរសនោះបានស្រែកឡូឡាផ្អើលអ្នកជិតខាង ពេលនោះ រូបគាត់ឃើញ សភាពមិនស្រួលក៏បានទូរស័ព្ទហៅប្អូនប្រុសឱ្យមកជួយមើលផង។ ខណៈប្អូនប្រុសគាត់មកដល់ក៏បានប៉ះ ទង្គិចសម្ដីជាមួយបុរសខាងលើកើតជាហិ.ង្សាវា.យទៅលើប្អូនប្រុសរបស់គាត់មួយដៃបណ្ដាលឱ្យហើមប៉ោងមុខម្ខាង ទើបបានទំនាក់ទំនងទៅសមត្ថកិច្ចភ្លាមៗដើម្បីចុះមកជួយអន្តរាគមន៍។
ប្រភពច្បាស់ការណ៍បានទម្លាយឲ្យដឹងថា កាលពីពាក់កណ្តាលឆ្នាំ២០២២ ជនបង្កឈ្មោះ ជិន ណារ៉ុង បម្រើការងារនៅក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់មានរឿងអាស្រូវកក្រើកលើបណ្តាញសង្គមហ្វេសប៊ុក ពោលគឺលួងលោមស្រីទៅដេកជាមួយ រួចហើយលួចថតរូបអាក្រាតកាយ គំរាមយកលុយថែមទៀតផង៕ រក្សាសិទ្ធិដោយៈ ចេស្តារ
