ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ថ្ងៃទី២៧-៣០ ខែមករា បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យធាតុអាកាស នឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះអាចធ្លាក់ចុះដល់១៤-១៦ អង្សារសេ។
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៧-៣០ ខែមករា ឆ្នាំ២០២៣។ តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា៖ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ អាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះអាចធ្លាក់ចុះដល់១៤-១៦ អង្សារសេ។ រីឯបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី១៧-២១អង្សារសេ។ ចំណែកនៅរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់២០អង្សារសេ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបន្តបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពចុះត្រជាក់។ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី