ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿងបើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកម៉ូតូ២គ្រឿងពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះញ៉ាំ ស្រៀង អាយុ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប្រធានរដ្ឋបាលរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិសាឡូង ដង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាស្កូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BU-5070 ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកអ្នករងរបួស២នាក់ប្ដីប្រពន្ធមិនទាន់ស្គាល់អត់សញ្ញាណ ជិះម៉តូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ក្រហមពាក់ស្លាកលេខតាកែវ 1C-8551 ។ ដោយឡែករថយន្តបង្កម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-0339 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់រត់គេចខ្លួនបាត់ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងអ្នកស្លាប់និងអ្នករងរបួស បានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកស្របគ្នាទៅដល់បុកពីក្រោយជាបន្តបន្ទាប់ បណ្ដាលឲ្យជនរងគ្រោះដែលជិះម៉ូតូហុងដាស្កូពីបោកក្បាលនឹងថ្នល់ស្លាប់ និងអ្នកជិះម៉ូតូហុងដាឌ្រីមសេ១២៥រងរបួសទាំង២នាក់ប្ដីប្រពន្ធ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ៕ ដោយ៖បញ្ញាស័ក្តិ