Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ជំរុញការងារ ៧ ចំណុច ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីបន្តជោគជ័យ និងមានប្រសិទ្ធភាព

spot_img

ភ្នំពេញ ៖ ក្នុងពិធីបិទបញ្ចប់សន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ បន្ថែមចំនួន ៧ ចំណុច រួមមាន ៖

១- ត្រូវបន្តពង្រឹងការកែទម្រង់ផ្ទៃក្នុង ដោយត្រូវប្រកាន់ខ្ជាប់នូវ អភិក្រមទាំង ៥ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់» ដើម្បីពង្រឹងក្រមសីលធម៌, ភាពស្អាតស្អំ និង អភិបាលកិច្ចល្អ ក្នុងការបំពេញការងារ និង តួនាទី ប្រកបដោយវិជ្ជាជីវៈ និង ប្រសិទ្ធភាពខ្ពស់។

២- បន្តដាក់ចេញ, ជំរុញការផ្សព្វផ្សាយ និងអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការគ្រប់គ្រងពាណិជ្ជកម្មក្នុងប្រទេស, ពាណិជ្ជកម្មអន្តរជាតិ, ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក និងកិច្ចការពារអ្នកប្រើប្រាស់ជាដើម ដើម្បីចូលរួមលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនស្របតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ ព្រមទាំងត្រូវចូលរួមអនុវត្ត ក្នុងឆន្ទៈមុតស្រួច និងភាពជាម្ចាស់នូវក្របខណ្ឌយុទ្ធសាស្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល និងត្រូវសម្របសម្រួលជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បី រៀបចំគោលនយោបាយពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មធំ ផងដែរ។

៣- បន្តដឹកនាំ និងធ្វើកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបំផុតជាមួយបណ្តា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងឡាយដែលកម្ពុជាកំពុងមាន។ ជាពិសេសកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ ឱ្យបានជាអតិបរមា ហើយត្រូវបន្តផ្សព្វផ្សាយ ទៅកាន់សាធារណជន អំពីផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។

៤- បន្តជំរុញកំណើននៃការនាំចេញមុខទំនិញ និងសេវាថ្មីបន្ថែមទៀត តាមរយៈការ រក្សាទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី តាមរយៈការបើកច្រកទីផ្សារបន្ថែមទៀត ការរៀបចំផែនការ និងយុទ្ធសាស្ត្រចរចាដ៏មានប្រសិទ្ធភាព ដើម្បីជំរុញការចរចាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងដៃគូសំខាន់ៗដទៃទៀតរបស់កម្ពុជាមានជាអាទិ៍ អេមីរ៉ាតអារ៉ាប់រួម, ឥណ្ឌា, ជប៉ុន, សហភាពសេដ្ឋកិច្ចអឺរ៉ាអាស៊ី (EAEU), កាណាដា និងជាមួយបណ្តាប្រទេសអាមេរិកឡាទីនជាដើម។

៥- បន្តពង្រឹងទីផ្សារដែលមានស្រាប់ ក៏ដូចជាការបើកចំហទីផ្សារបន្ថែម តាមរយៈ ការសិក្សាទុកជាមុន និងការដាក់ចេញនូវយុទ្ធសាស្ត្រ ឬវិធានការចាំបាច់នានា ដើម្បីធានា ឱ្យបានថាផលិតផលថ្មីៗដែលកម្ពុជាកំពុងចាប់ផ្តើមផលិត ឬនឹងផលិតបាននាអនាគត នឹងមានទីផ្សារសមស្រប ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ព្រមទាំងត្រូវ បន្តផ្សព្វផ្សាយព័ត៌មានអំពីទីផ្សារ និងវិធានការចាំបាច់នានា ទៅកាន់គ្រប់ផលិតករ ទាំងអស់ ដើម្បីចៀសវាងការផ្គត់ផ្គង់លើសតម្រូវការទីផ្សារដែលនាំឱ្យមានការធ្លាក់ថ្លៃ។

៦- បន្តគិតគូរអំពីទិសដៅអនាគត និងត្រូវត្រៀមខ្លួនជាប្រចាំចំពោះការប្រែប្រួល នៃ និម្មាបនកម្មរសដ្ឋកិច្ចរបស់តំបន់ និងសកល ដោយត្រូវសិក្សា និងសង្កេតជានិច្ចនូវរាល់ ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលអាចមានវិបាកមកលើសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ហើយក៏ត្រូវពង្រឹងការត្រៀមខ្លួន របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឱ្យបានសម្រេចតាម ការវាយតម្លៃរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ ព្រមទាំងបន្ត រយៈពេលអន្តរកាលតាមការចាំបាច់។

៧- បន្តជំរុញការផ្សព្វផ្សាយ និងការអនុវត្ត ព្រមទាំងកសាងច្បាប់ពាណិជ្ជកម្មបន្ថែម ទៀត សំដៅជួយរក្សាស្ថិរភាពសេដ្ឋកិច្ច, ផ្តល់ផលប្រយោជន៍ និងបង្កើតចំណូលជូនប្រជា ពលរដ្ឋ ដូចជាច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និងភ្នាក់ងារពាណិជ្ជកម្ម, ច្បាប់ស្តីពីអាថ៌ កំបាំងពាណិជ្ជកម្ម និងព័ត៌មានដែលមិនអាចបង្ហាញ (Law on Trade Secret and Undisclosed Information), ការធ្វើវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម, និង ក្រមសីលធម៌វិជ្ជាជីវៈទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×