Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យទីតាំងស្តុក ចែកចាយ ផលិតផល សាច់សត្វស្រស់បង្កកមួយកន្លែង ដែលកង្វះអនាម័យ ការប្រើប្រាស់សារធាតុគីមីហាមឃាត់

spot_img

ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប ការក្លែងបន្លំ «ក.ប.ប.» ដោយមានកិច្ចសហការពីមន្រ្តី អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យទីតាំងស្តុក ចែកចាយ ផលិតផល សាច់សត្វស្រស់បង្កកមួយកន្លែង ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ។

គោលបំណងនៃការចុះត្រួតពិនិត្យត្រូវបានផ្តោតសំខាន់ទៅលើការចម្លងចូលបាក់តេរី ដែលបណ្តាលមកពីកង្វះអនាម័យ ការប្រើប្រាស់សារធាតុគីមីហាមឃាត់ និងភាពអនុលោមទៅនិងបញ្ញត្តិបច្ចេកទេស អំពីលក្ខខណ្ឌតម្រូវ នៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុកទុកសាច់ស្រស់ឬបង្កក ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងប្រតិបត្តិការត្រួតពិនិត្យ មន្រ្តីជំនាញបានអនុវត្តនីតិវិធីដូចខាង ក្រោម៖

១.ធ្វើតេស្តិ៍បឋមទៅលើគំរូសាច់ស្រស់ បង្កក ចំនួន0៦ មុខ ដើម្បីរក វត្តមានសារជាតុគីមីហាមឃាត់ និងដកហូតសំណាកគំរូចំនួន ០៩ បញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. និងមន្ទីរពិសោធន៍នៃសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីវិភាគរកវត្តមានមេរោគ និងជម្ងឺឆ្លង នានា។

២.ណែនាំដល់ម្ចាស់អាជីវកម្មផ្អាកជាបណ្តោះអាសន្ន ការចរាចរ ចែកចាយផលិតផលសាច់ស្រស់និងបង្កក រហូតដល់មានលទ្ធផលវិភាគ របស់មន្ទីរពិសោធន៍។

៣.ត្រូវរក្សាកំរិតសីតុណ្ហភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស រក្សាអនាម័យបរិស្ថានជុំវិញ និងអនាម័យបុគ្គលិកដែលបម្រើការ រួមជាមួយនឹងការពិនិត្យសុខភាពជាប្រចាំ ពាក់ម៉ាស ស្រោមដៃ ស្បែកជើង និងមួក នៅពេលចេញចូលឬលើកដាក់ផលិតផលបង្កក ទាំងក្នុងឃ្លាំងស្តុក និងមធ្យោបាយដឹកជញ្ជូន។

៤.បានឱ្យម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាកែលម្អ និងបំពេញបន្ថែមនូវចំនុចខ្វះខាត ទាំងអនាម័យ លក្ខខណ្ឌតម្រូវ ក៏ដូចជាភាពមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ជាធរមាននានាផងដែរ។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវ ដល់ម្ចាស់អាជីវកម្មនាំចូល ចែកចាយ ផលិតផលសាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ សូមអនុវត្តត្រឹមត្រូវស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។ ការនាំចូលផលិតផលសាច់សត្វ ស្រស់ បង្កក និងផលិតផលអំពីសត្វ ត្រូវមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និងត្រូវគោរពនិងអនុវត្តនូវ លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុកទុកឱ្យបានត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×