ទារកម្នាក់ដែលត្រូវបានរកឃើញ បន្ទាប់ពីម្តាយរបស់វាបានបោះបង់ចោល នៅខាងក្រៅភោជនីយដ្ឋានអាហារលឿនដ៏ល្បីឈ្មោះមួយ នៅក្នុងប្រទេសហ្វីលីពីន បានទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ ពីស្ត្រីបុគ្គលិកហាង ។
ទារកប្រុសនោះ ត្រូវបានគេរាយការណ៍ថា បានរកឃើញនៅខាងក្រៅហាង Jollibe នៅ Imus, Cavite និងត្រូវបាននាំយកចូលក្នុងហាង ដោយអ្នកយាមចរាចរណ៍ម្នាក់ ។
ខណៈរង់ចាំអាជ្ញាធរសេវាសង្គមក្នុងតំបន់មកដល់ សមាជិកបុគ្គលិកនៅហាងនោះ បានរួមគ្នាមើលថែទារកនេះយ៉ាងយកចិត្តទុកដាក់ តាមរយៈការផ្លាស់ប្តូរក្រណាត់កន្ទបឲ្យទារក និងរក្សាកម្តៅឲ្យវាផងដែរ ។
ស្ត្រីមានតួនាទីជាអ្នកគ្រប់គ្រងម្នាក់ នៅក្នុងហាងនេះ សូម្បីរក្សាទារកនេះមិនឲ្យស្រែកឃ្លាន តាមរយៈការបំបៅដោះរបស់នាងទៀតផង ។
Jesica Tan Verano បុគ្គលិកហាង Jollibee បានចែករំលែករូបភាពនៃហេតុការណ៍នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងទទួលការចាប់អារម្មណ៍ កោតសរសើរជាខ្លាំង ចំពោះទង្វើដ៏ល្អរបស់បុគ្គលិកនៅទីនោះ ។
Verano បានសរសេរនៅក្នុងចំណងជើងរូបថា៖ «នរណាម្នាក់ដែលបានទុកក្មេងនេះនៅក្បែរ Jollibe នៅ Imus នោះអ្នកនោះនឹងទទួលខុសត្រូវចំពោះព្រះ ។ ទារកនេះពិតជាស្រស់ស្អាតខ្លាំងណាស់! ខ្ញុំស្ទើរទប់ទឹកភ្នែកពុំបាន ចំពោះទង្វើរបស់ឪពុកម្តាយរបស់ក្មេងនេះ ដែលបានបោះបង់ចោលខ្លួនចោលគ្មានធម៌មេត្តាសូម្បីបន្តិចបែបនេះ» ។
នាងបានបន្ថែមថា៖ «នាយកដ្ឋានសុខុមាលភាព និងអភិវឌ្ឍន៍សង្គម (DSWD) នឹងយកទារកអភ័ព្វនេះ ប៉ុន្តែ ខ្ញុំចង់បានកូននេះមកចិញ្ចឹម!» ។
Verano ត្រូវបានដកស្រង់សម្តីដោយនិយាយនៅក្នុងបទសម្ភាសន៍ជាមួយ ABS-CBN ថា៖ «ទារកប្រុសនេះបានបង្ហាញឲ្យឃើញថាវាទើបតែកើត ខណៈនៅតែមានស្នាមឈាមនៅលើក្បាលរបស់វា ។ វាមើលទៅទំនងជានរណាបានលាងសម្អាតវាយ៉ាងប្រញាប់ និងបន្ទាប់មក ក៏បានយកវាមកបោះបង់ចោលនៅទីនេះ» ។
«ពួកយើងពុំដឹងថានរណាបានរកឃើញទារកនេះទេ ប៉ុន្តែ អ្នកយាមចរាចរណ៍ម្នាក់បាននាំយកវាចូលក្នុងភោជនីយដ្ឋាន ។ អ្នកគ្រប់គ្រងរបស់យើងបានយកទារកនេះ និងបំបៅដោះ និងព្រមទាំងលាងសម្អាតឲ្យវាយ៉ាងល្អ» ។
អាជ្ញាធរក្នុងតំបន់ នៅពេលនេះ បានកំពុងធ្វើព្យាយាមកំណត់ទីកន្លែងរបស់ឪពុកម្តាយ ខណៈទារកនេះនៅតែស្ថិតក្រោមការមើលថែរបស់ DSWD ៕ ចន្ទី