Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ដី​សម្បទានសេដ្ឋកិច្ច​​ដែល​អសកម្ម ឬ​យឺតយ៉ាវខ្លាំងក្នុង​ដំណើរការ ត្រូវដកហូត​​ត្រឡប់​មក​វិញ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាន​ណែនាំដល់លេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច ត្រូវពង្រឹងការគ្រប់គ្រងរបស់គ្រប់ហ៊ុនដីសម្បទានទាំងនោះ ឱ្យអនុវត្តបានតាមគោលដៅដែលបានកំណត់ និងដោះស្រាយបញ្ហាប្រឈមទាំងឡាយឱ្យបានលឿន ដោយសហការជាមួយ ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងឡាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បើតាមឯកឧត្តមរដ្ឋមន្រ្តី , “ក្នុង​ករណី​ដែល​មាន​បញ្ហាទំនាស់ លេខាធិការដ្ឋាន​ចាំ​បាច់​ត្រូវជួប​ប្រជុំ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​​ស្វែង​រក​ដើម​ចម​​នៃ​ទំនាស់ ​ភាគី​ទំនាស់ និង​ទំហំ​ផ្ទៃ​ដីទំនាស់ ដើម្បី​ស្វែង​រក​​យន្តការ​​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។
ចំណែក​ដី​សម្បទានសេដ្ឋកិច្ច​​ដែល​អសកម្ម ឬ​យឺតយ៉ាវខ្លាំងក្នុង​ដំណើរការ លេខាធិការដ្ឋាន​ត្រូវ​ធ្វើ​របាយការណ៍​ដើម្បី​​ខ្ញុំលើកសំណើ ដកហូត​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​ត្រឡប់​មក​វិញ​”។

នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពី ដំណើរការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមបទបង្ហាញរបស់លេខាធិការដ្ឋានបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋានត្រូវពង្រឹងការប្រតិបត្តិ ដោយក្តាប់ឱ្យបាននូវផែនការមេរបស់ក្រុមហ៊ុន (Master Plan) និងធ្វើការរៀបចំរបបប្រជុំឱ្យបានទៀងទាត់ ជាមួយអន្តរក្រសួង និងពិភាក្សាជាមួយអង្គភាពជំនាញ ដើម្បីតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ហើយត្រូវធ្វើរបាយការណ៍លម្អិតអំពីបញ្ហាទំនាស់ទាំងអស់ ដែលកំពុងកើតមាន និងយន្តការនៃការដោះស្រាយបញ្ហា។

ជាមួយគ្នានេះដែរ លេខាធិការដ្ឋានត្រូវធ្វើសូចនាករសមិទ្ធផលគន្លឹះ (KPI) ដោយត្រូវពិនិត្យមើលទាំងទិដ្ឋភាពផ្លូវច្បាប់ និងការអនុវត្តជាក់ស្តែងលើដី ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ហើយត្រូវបញ្ជាក់ប្រាប់ដល់ក្រុមហ៊ុនដែលបានទទួលសម្បទានដីសេដ្ឋកិច្ចទាំងអស់អំពីការដកហូតដីមកវិញ ប្រសិនបើក្រុមហ៊ុនទាំងនោះមិនបានធ្វើការអភិវឌ្ឍតាមកិច្ចសន្យា។ ឯកឧត្តមរដ្ឋមន្ដ្រី បានក្រើនរំឭកដល់លេខាធិការដ្ឋានបច្ចេកទេស ត្រូវពន្លឿនការធ្វើអនុបយោគដីឯកជនរបស់រដ្ឋ ក្នុងគោលដៅសម្បទានដីសេដ្ឋកិច្ចនេះ ឱ្យបានទាន់ពេលវេលា ដើម្បីឱ្យក្រុមហ៊ុនអាចធ្វើផែនការមេ សម្រាប់ការវិនិយោគ។

សូមជម្រាបផងដែរថា សម្បទានដីសេដ្ឋកិច្ចបានចាប់ផ្តើមបដិសន្ធិតាមអនុក្រឹត្យលេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ ហើយបានដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិស័យកសិកម្ម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលក៏បានចេញនូវសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព នៃលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច មកពីអន្តរក្រសួងសម្រាប់បំពេញកិច្ចគាំពារដំណើរការ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន ដោយមានការចូលរួមពីក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងក្រសួងមហាផ្ទៃ។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ការសម្រេចនេះស្ថិតនៅជាធរមានមកទល់បច្ចុប្បន្ន ពុំមានការប្រែប្រួលណាមួយឡើយ៕ រក្សាសិទ្ធិដោយ៖ សុទ្ធលី

spot_img
×