ហ្វីលីពីន៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ បានព្រមព្រៀង និងឯកភាពគ្នាឲ្យមានការបោះបង្គោលព្រំដែនបន្ថែមលើចំនួនបង្គោលព្រំដែន ដែលមានស្រាប់ ពោលនៅកន្លែងដែលមានបញ្ហាសាំញ៉ាំ ត្រូវបោះបង្គោលព្រំដែនឲ្យបានញឹក ដើម្បីចៀសវាងបញ្ហាជាមួយគ្នាទៅថ្ងៃក្រោយទៀត។ ប្រទេសកម្ពុជា និងឡាវ មានព្រំដែនប្រវែង ៥៤០គីឡូម៉ែត្រ ហើយត្រូវបោះបង្គោលព្រំដែនសរុបចំនួន ១៤៥ បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបោះបង្គោលបានចំនួន ១២១បង្គោលរួចហើយ។ការព្រមព្រៀងគ្នាឲ្យមានការបោះបង្គោលព្រំដែន ឲ្យបានញឹកនៅតំបន់មានបញ្ហាសាំញ៉ាំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន និងលោក ថងលួន ស៊ីស៊ូលីត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ រួមនិងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងជំនួបពិភាក្សានោះ មេដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន និង លោក ថងលួន ស៊ីស៊ូលីត បានថ្លែងថា កំពុងតាមដាន និងត្រួតពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដោយមិនឲ្យមានបញ្ហាកើតឡើងទៀតនោះឡើយ។
សម្តេចតេជោបានថ្លែងថា សម្តេចពិតជាមានការរីករាយចំពោះសភាពការណ៍ តាមតំបន់ព្រំដែនមិនមានភាពតានតឹង ហើយសម្តេចបានវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្ត្រីការបរទេស និងគណៈកម្មាធិការព្រំដែន នៃប្រទេសទាំងពីរ បានធ្វើការជួបប្រជុំ ដើម្បីដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង សំដៅធ្វើយ៉ាងណាកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ។សម្តេចតេជោ ហ៊ុន សែន និងលោកថងលួន ស៊ីស៊ូលីត ក៏បានឯកភាពទទួលយកតាមសំណើរបស់ប្រធានាធិបតីបារាំង ក្នុងការផ្តល់អ្នកជំនាញឯកទេសព្រំដែន ដើម្បីធ្វើការដោះស្រាយនូវបញ្ហាព្រំដែន ដែលមិនទាន់បានដោះស្រាយ។ ក្នុងកិច្ចសំណេះសំណាលនោះ មេដឹកនាំនៃប្រទរេសទាំងពីរ បានធ្វើការចុះហត្ថលេខាស្នើដល់ភាគីបារាំងបញ្ជួនអ្នកឯកទេសបារាំង ដើម្បីចូលមកធ្វើការជាមួយភាគីកម្ពុជា និងភាគីឡាវ លើបញ្ហាព្រំដែនដែលនៅសេសសល់។
មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការអនុញ្ញាតឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ទទួលស្វាគមន៍ការមកដល់នៃអ្នកឯកទេសព្រំដែនបារាំង ដើម្បីធ្វើការវាស់វែងខ្សែបន្ទាត់ព្រំដែន ដែលនៅសេសសល់៕ ដោយ៖បញ្ញាស័ក្តិ