Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន ÷ បើដឹងថា ដីស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិហើយ នៅតែទិញ-លក់ទៀត ត្រូវបានមោឃភាពចោលជាអសារបង់

spot_img

ខេត្តកំពង់ស្ពឺ ៖ ក្នុងសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦ និង០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពន្លាតការយល់ដឹងឲ្យកាន់តែទូលំទូលាយដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៃខេត្តកំពង់ស្ពឺ នៅឯសណ្ឋាគារផាមរីវើ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ច្បាស់ៗថា ដីនៅតំបន់ការពារធនធានធម្មជាតិ ជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនអាចនរណាទិញ-លក់ឡើយ, ហើយរាល់លិខិតទិញ-លក់ដី ត្រូវបានមោឃភាពចោលជាអសារបង់ និងទទួលខុសត្រូវចំពោះមុខច្បាប់ថែមទៀត។

លោក ចាយ សាមិត្ត រដ្ឋលេខាធិកាក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រាប់ដល់ក្រុមមន្ត្រីថា ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុនៅក្នុងការទិញ-លក់បានឡើយ, រាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮ លើលិខិតទិញ-លក់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន, និយាយឱ្យស្រួលស្ដាប់ មានន័យថា កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំឲ្យមានសិក្ខាសាលា «ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធាធម្មជាតិ» នៅខេត្តកំពង់ស្ពឺ នៅឡើង គឺ ដោយសារតែនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានតំបន់ការពារធម្មជាតិចំនួន ៥កន្លែង គឺ ១- ឧទ្យានជាតិព្រះសុរាម្រឹត-កុសមៈ (គិរីរម្យ), ២- ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង, ៣- ជួរភ្នំក្រវាញកណ្តាល, ៤- ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់, និង ៥- របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ, ដែលតំបន់ទាំងនេះ ចាំបាច់ត្រូវការពារ និងអភិរក្សយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។

ដូច្នេះ សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ដល់ភាគីពាក់ព័ន្ធ ដើម្បីឲ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×