នៅកន្លែងកើតហេតុសាកសពសេដ្ឋីនីជាម្តាយដេកនៅលើគ្រែ ជាមួយនឹងស្នាមរបួសខ្ទេចខ្ទាំខណៈពេលដែលឃាតករបានត្រូវគេចង ប្រឹងស្រែកខ្លាំងៗថា “លែងខ្ញុំ ទុកឲ្យខ្ញុំទៅជួយម្តាយខ្ញុំ សត្វសាហាវកំពុងនៅក្នុងខ្លួនគាត់ឃើញទេ!
ម្តាយនឹងកូនសេដ្ឋីនី Anastasia Sosina Novikova ។
នាព្រឹកព្រលឹមមួយនៅ Kazan រដ្ឋធានី Katarstan ប្រទេសរុស្ស៊ី ស្នងការល្បាតនគរបាលក្រុងទទួលព័ត៌មានថា នៅសណ្ឋាគារ Korston មានហេតុការណ៍មួយកំពុងកើតឡើង ។
មុននោះបន្តិច អ្នកស្នាក់នៅសណ្ឋាគារនោះបានឃើញយុវជនម្នាក់ដើរទ្រេតទ្រោត ដើរបណ្តើរនិយាយម្នាក់ឯងបណ្តើរ ភ្នែកហាក់គ្មានព្រលឹង ហើយអាវក្រៅរបស់គេប្រឡាក់សុទ្ធសឹងតែឈាម ហើយបានទូរស័ព្ទប្រាប់បុគ្គលិកសណ្ឋាគារ ។
មិនយូរប៉ុន្មានក្រោយមកប៉ូលិសក៏មានវត្តមានហើយវាយតម្លៃជាបឋមថា យុវជនរូបនេះកំពុងស្ថិតក្នុងស្ថានភាពបែកថ្នាំយ៉ាងធ្ងន់ធ្ងរ ។
តាមលទ្ធផលព័ត៌មានបឋមឲ្យដឹងថា គេឈ្មោះ Yegor Sosin អាយុ ១៩ឆ្នាំ ជាកូនរបស់មហាសេដ្ឋីរុស្ស៊ី Igor Sosin ។ កាលពីព្រឹកម្សិលម៉ិញ Yegor Sosin រួមនឹងម្តាយ Anastasia Sosina Novikova អាយុ ៤៤ឆ្នាំ បានមកទីក្រុងមូស្គូ រួចជួលបន្ទប់ស្នាក់នៅសណ្ឋាគារនេះ ដើម្បីចូលរួមសិក្ខាសាលាមួយអំពីជីវភាពគ្រួសារ និងការព្យាបាលគ្រឿងញៀនតាមវិធីសាស្ត្រថ្មី នឹងប្រព្រឹត្តទៅនៅទីនេះ ។
ពេលមានវត្តមាននៅបន្ទប់របស់អ្នកស្រី Anastasia ប៉ូលិសបានពិនិត្យឃើញរបស់របរខ្ចាត់ខ្ចាយគ្រប់ទីកន្លែង ហើយនៅលើជញ្ជាំងប្រឡាក់ទៅដោយស្នាមឈាម ។ សាកសពរបស់អ្នកស្រី Anastasia ស្ថិតនៅលើគ្រែ ខណៈលើមុខ និងក របស់គាត់មានស្នាមរបួសយ៉ាងច្រើន ។ តាមស្ថាប័នស៊ើបអង្កេត គឺ Yegor ដែលជាកូនប្រុសបានវាយដំ រួចប្រើខ្សែសាកទូរស័ព្ទរឹតក ម្តាយរហូតដល់ស្លាប់ ។ Yegor Sosin ត្រូវបានចាប់ខ្លួនពីបទសម្លាប់មនុស្ស ។
ពេលនាំទៅដល់ប៉ុស្តិ៍ប៉ូលិស យុវជនបែកថ្នាំរូបនេះ បន្តមានទង្វើច្រង៉េងង៉ាង ហើយនិយាយជាប់មាត់ថា ព្រលែងខ្ញុំចេញដើម្បីខ្ញុំទៅជួយម៉ែខ្ញុំឲ្យចេញពីសត្វចម្លែក ។
នៅថ្ងៃបន្ទាប់មកក្រោយពីស្វាងថ្នាំ យុវជនរូបនេះប្រាប់ថា ខ្លួនពុំបានចងចាំអ្វីបន្តិចឡើយគ្រាន់តែដឹងថា ម្តាយខ្ញុំនាំខ្ញុំមកទីនេះដើម្បីធ្វើការព្យាបាលគ្រឿងញៀន គាត់បានហុចថ្នាំប៉ុន្មានគ្រាប់ឲ្យខ្ញុំផឹក ។ អ្វីៗដែលកើតឡើងក្រោយមក ខ្ញុំពុំចាំទេ វាហាក់ដូចជាស្រមោល សូម្បីតែពេលនេះ ក៏ខ្ញុំនៅមានអារម្មណ៍រសាប់រសល់ ។ មុននោះ Yegor Sosin រៀននៅសាលាជំនួញអន្តរជាតិ Hult នាក្រុងឡុងប្រទេសអង់គ្លេស ហើយច្រើនតែប្រាប់មិត្តភក្តិថា ខ្លួនមិនចង់ចំណុះលើឪពុកម្តាយ ហើយនឹងប្រឹងប្រែងដើម្បីក្លាយជាសេដ្ឋីម្នាក់ តាមមិត្តភក្តិរបស់យុវជននេះឲ្យដឹងថា ថ្វីត្បិតតែគាត់ឆាប់ខឹង ហើយពុំគ្រប់គ្រងបានទង្វើរបស់ខ្លួនក្តី ប៉ុន្តែជាមនុស្សចិត្តល្អ មានការយោគយល់អធ្យាស្រ័យ ពិសេសគឺមានគំនិតធ្វើជំនួញជាច្រើន ។ គ្មាននរណាស្មានថា Yegor អាចលើកដៃសម្លាប់ម្តាយរបស់ខ្លួនឡើយ ។
វិលត្រឡប់មកជនរងគ្រោះជាម្តាយ អ្នកស្រី Anastasia គាត់គឺជាប្រពន្ធដើមរបស់លោក Igor Sosin ជាមហាសេដ្ឋីម្នាក់ ។ ប៉ុន្មានឆ្នាំមុននេះជីវភាពអាពាហ៍ពិពាហ៍របស់ពួកគេបានឈានដល់ផ្លូវបំបែក ហើយគ្រាន់តែលែងលះ និងចែកទ្រព្យសម្បត្តិរបស់ពួកគេភ្លាម បុរសជាប្តីបានរៀបការប្រពន្ធក្មេងម្នាក់ទៀតភ្លាម ។ ប្រការនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ទៅលើអារម្មណ៍កូនប្រុសអ្នកទាំងពីរស្ថិតក្នុងវ័យជំទង់ ។ Yegor លែងរៀនសូត្រ ហើយងាកមករកគ្រឿងញៀន ។
អ្នកស្រី Anastasia ជាមនុស្សស្រឡាញ់កូនណាស់ ស្ត្រីជាម្តាយរូបនេះបានសម្រេចចិត្តរកគ្រប់វិធីដើម្បីរំដោះកូនចេញពី “ឋាននរកគ្រឿងញៀន” ហើយការចូលមកកាន់ទីនេះដើម្បីឲ្យកូនបានទទួលវិធីសាស្ត្រផ្តាច់គ្រឿងញៀនថ្មី ក៏ជាវេលាចុងក្រោយ ដែលជីវិតគាត់ត្រូវផុតរលត់ដោយសារស្នាដៃកូនបង្កើតរបស់ខ្លួន ៕ ចន្ទ្រា