ខេត្តកំពត៖ ប្រជាពលរដ្ឋខេត្តកំពតព្រួយបារម្ភខ្លាចដីភ្នំធម្មជាតិនាមូលដ្ឋាននេះត្រូវរលាយហិនហោច បណ្តាលមកពីអ្នកមានអំណាច និងឈ្មួញមួយចំនួន បានយកគ្រាប់រំសេវបំផ្ទុះបំបែកភ្នំ ដើម្បីធ្វើអាជីវកម្មថ្ម- គ្រួស និងលក់ដី បានបំផ្លាញបរិស្ថាន និងទីតាំងប្រវត្តិសាស្ត្រមូលដ្ឋាននេះធ្ងន់ធ្ងរ។
បញ្ហានេះ ទាំងមន្ត្រីរាជការថ្នាក់ទាប ពិសេសប្រជាពលរដ្ឋររស់នៅខេត្តកំពត បានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយពិនិត្យ និងមានវិធានការទប់ស្កាត់ចំពោះសកម្មភាពយកភ្នំធ្វើអាជីវកម្មនាមូលដ្ឋានខេត្តកំពតរាល់ថ្ងៃនេះដោយអនុគ្រោះ។
ពលរដ្ឋខេត្តកំពតបានឲ្យដឹងថា ខេត្តនេះមានស្រុកចំនួន៧ និងក្រុង១ ហើយមានភ្នំចំនួន១៣២ភ្នំ ត្រូវបានឈ្មួញបំផ្ទុះរំសេវ និងប្រើគ្រឿងចក្រកាយយកថ្ម និងគ្រួស លក់ធ្វើអាជីវកម្មផ្សេងៗស្ទើររលាយហិនហោចទ្រង់ទ្រាយដើមរបស់ភ្នំ ដែលមានសរសេរនៅក្នុងផែនទីប្រវត្តិសាស្ត្រកម្ពុជាអស់ទៅហើយ។
តាមប្រភពព័ត៌មានបង្ហាញថា ស្រុកអង្គរជ័យមានភ្នំចំនួន៦។ ស្រុកបន្ទាយមាសមានភ្នំ១១។ ស្រុកដងទង់មានភ្នំ១៥។ ស្រុកកំពង់ត្រាចមានភ្នំ១៦។ ស្រុកទឹកឈូមានភ្នំ២៧។ ស្រុកជុំគីរីមានភ្នំ៣៩។ ស្រុកឈូកមានភ្នំ២៦ និងក្រុងកំពតមានភ្នំ២។ ហើយថា ភ្នំភាគច្រើនត្រូវគេមើលឃើញផ្ទាល់ភ្នែកថា កំពុងទន្ទ្រានធ្វើអាជីវកម្មពីសំណាក់មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យ បានយកធ្វើអាជីវកម្មកាយថ្ម និងគ្រួសលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។
ត្រង់ចំណុចនេះ ទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាបខេត្តកំពត បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើជួយការពារភ្នំធម្មជាតិជាប្រវត្តិសាស្ត្រ នៅក្នុងមូលដ្ឋានខេត្តកំពត ដែលកំពុងត្រូវបានបំផ្លាញយកធ្វើអាជីវកម្មទាំងស្របច្បាប់ ឬគ្មានច្បាប់ ដោយគួររឹបអូសភ្នំមួយចំនួនយកមកដាក់ជាសម្បត្តិរដ្ឋ គ្រប់គ្រង និងអភិរក្សថែរក្សាឲ្យបានគង់វង្ស ទុកសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។
បញ្ហានេះ ក្រុមប្រជាពលរដ្ឋខេត្តកំពតបង្ហាញកង្វល់ថា ភ្នំធម្មជាតិនៅតាមមូលដ្ឋានមួយចំនួននាខេត្តកំពត នឹងត្រូវរលាយហិនហោចបាត់ពីផែនទីប្រវត្តិសាស្ត្រកម្ពុជា ព្រោះទាំងពេលកន្លងមក និងបច្ចុប្បន្ននេះ ត្រូវអ្នកមានអំណាច និងឈ្មួញ បានយកធ្វើអាជីវកម្មបំផ្ទុះរំសេវជីកកាយយកថ្ម និងគ្រួស ដើម្បីលក់ដូរធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។
ក្រុមប្រជាពលរដ្ឋអះអាងថា បច្ចុប្បន្នភាពមូលដ្ឋានខេត្តកំពត គឺមានភ្នំមួយចំនួនស្ទើររលាយទ្រង់ទ្រាយដើម ហើយក្លាយជាតំបន់ដីរាបស្មើ និងឈានទៅបាត់ពីផែនទីប្រវត្តិសាស្ត្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកំពតនាថ្ងៃអនាគត បើមិនរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពទេ៕ ដែន សីមា