ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ទៅអភិបាលរាជធានី-ខេត្តទាំង២៥ ឲ្យរៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា។
ការដាក់បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើង ខណៈដែលនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិរឿងក្បត់ជាតិ។
ដោយយោងលិខិតចុះថ្ងៃទី១៣ខែវិច្ឆិការបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើជូនអភិបាលរាជធានី-ខេត្តទាំង២៥ ។
នៅក្នុងលិខិតខាងលើដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា “ដើម្បីគ្រប់គ្រងតាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានា បានទាន់ពេលវេលាយ៉ាងឆាប់រហ័សនៅតាមរដ្ឋបាលរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ ស្នើឯកឧត្តម លោកជំទាវ រៀបចំក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធ នឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ នឹងរាយការណ៍មកក្រសួងមហាផ្ទៃ”៕ ដោយ៖បញ្ញាស័ក្តិ