ពិតជារឿងមួយដ៏រន្ធត់ និងគួរឲ្យសង្វេគណាស់ ដែលបុរសជាតៃកុងឡានធំម្នាក់ ត្រូវបាត់បង់ជីវិតមួយរំពេច ចាកចោលប្រពន្ធកូនគ្មានថ្ងៃវិលវិញ ដោយសារតែការប្រញាប់ប្រញាល់ធ្វេសប្រហែស នៅក្នុងករណីដ៏មិននឹកស្មានមួយនេះ។
តាមរយៈវីដេអូកាមេរ៉ាសុវត្តិភាព ថតបានកាលពីវេលាម៉ោង ១១ និង ៤៦ នាទី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញឲ្យឃើញជនរងគ្រោះ បានដើរទៅទាញធុងទឹកចេញពីផ្លូវ នៃទីកន្លែងចំណោតមួយ ប៉ុន្តែ ខណៈពេលនោះ គាត់បានក្រឡេកឃើញឡានរបស់គាត់ ដែលចតជាប់នឹងឡានធំ១គ្រឿងទៀត បានរអិលចុះមក គាត់ក៏បានរត់ទៅចូលចន្លោះឡានទាំងពីរដ៏តូចបង្អៀត ដើម្បីបើកទ្វេខាងឆ្វេងចាប់ហ្វ្រាំង ប៉ុន្តែ ដោយសារឡានបន្តរអិលមក ក៏កៀបខ្លួនគាត់ជាប់តែម្តង។
វីដេអូបន្ទាប់មក បានបង្ហាញឡានបន្តរអិលចុះ ដោយកៀបជនរងគ្រោះរហូតផុតកន្ទុយឡាន ហើយភ្លាមៗនោះ ជនរងគ្រោះក៏បានរត់ចេញមកដួលទៅនឹងដី ដែលឃើញហើយពិតជាគួរឲ្យអាសូរយ៉ាងខ្លាំង។
តែយ៉ាងណា ជាអកុសល ក្រោយហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងបានមួយថ្ងៃ ក្រុមគ្រួសាររបស់គាត់ ក៏បានជូនដំណឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា គាត់បានទទួលមរណភាពហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







