ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង មានប្រសាសន៍បំភ្លឺក្រោយមានពាក្យចចាមរាម ដែលលោកអះអាងថា ផ្សាយខុសពីការពិតស្តីពីស្ត្រីសំរាលកូនបានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកក្នុងប៉ុន្មានថ្ងៃមកនេះ។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា ខ្ញុំសូមធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីជៀសវាងការភាន់ច្រឡំ នាំអោយប៉ះពាល់ដល់កិត្តិយសមន្ទីរពេទ្យសាធារណៈ និងកិត្តិយសក្រុមគ្រួសារនៃសព ដូចខាងក្រោម៖ កាលពីថ្ងៃ22/6/2018 ម៉ោង6ព្រឹក ស្ត្រីឈ្មោះ ធា ណារី អាយុ29ឆ្នាំ ត្រូវបានម្តាយនាំមកកាន់មន្ទីរពេទ្យនេះ ដោយសារឈឺពោះសំរាលកូនទី2។ ហើយពេលមកដល់ ឆ្មបបានពិនិត្យឃើញស្បូនបើក ហើយនៅពេលស្ត្រីឈឺពោះរូបនោះ កំពុងប្រឹងសំរាលម៉ោង6:30 ក៏ស្រាប់តែដាចស្បូន (Uterus ruptures) បណ្តាលកូនចេញមកនៅក្នុងពោះ ហើយភ្លាមៗ ក្រុមគ្រូពេទ្យក៏បានរៀបចំបញ្ជូនទៅធ្វើការវះកាត់ជាបន្ទាន់ រួមទាំងការសង្គ្រោះបន្ទាន់ដូចជាដាក់សេរ៉ូម បញ្ចូលឈាមអស់ចំនួន3ប្លោក។ លោកថា បន្តមកទៀត រហូតមកដល់ម៉ោង7 ក៏ចាប់ផ្តើមធ្វើការវះកាត់ ដោយធ្វើការដេរបិទកន្លែងដាច និងរក្សាទុកស្បូន ហើយក្រោយការវះកាត់ ក្រុមគ្រូពេទ្យបាននៅប្រចាំការតាមដានអ្នកជំងឺជាប់ជានិច្ច។
លោកវេជ្ជបណ្ឌិត សេង ណុង បន្តថា នៅពេលគ្រូពេទ្យសង្គេតឃើញថា អ្នកជំងឺនៅឃើញមានហូរឈាម (ហូរតាមdrainage ចូល bag) ក្រុមគ្រូពេទ្យក៏សំរេចបញ្ជូនទៅធ្វើការវះកាត់ម្តងទៀត ដោយធ្វើការកាត់ស្បូនចោល និងបញ្ចូលឈាមចំនួន3ប្លោកបន្ថែមទៀត។
លោកថា ករណីខាងលើនេះ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានខិតខំធ្វើអន្តរាគមន៍ជួយសង្គ្រោះទៅតាមបច្ចេកទេសគ្រប់មធ្យោបាយទាំងអស់ ប៉ុន្តែដោយមានការបាត់បង់ឈាមច្រើនពេក បណ្តាលឲ្យអ្នកជំងឺសន្លប់បាត់បង់ស្មារតីយូរពេក ពុំអាចធ្វើការសង្គ្រោះបាន ហើយស្ត្រីរងគ្រោះបានស្លាប់នៅម៉ោង14:40នាទី។
ទាក់ទិនបញ្ហានេះ លោកវេជ្ជបណ្ឌិត សេង ណុង បានបញ្ជាក់ថា នៅថ្ងៃ26 មិថុនា ឆ្នាំ2018 ក្រុមការងារស្រាវជ្រាវមរណៈមាតា របស់មន្ទីរសុខាភិបាល ដែលបានចុះគ្រប់ករណីស្លាប់ជំវិញការសំរាល បានចុះស្រាវជ្រាវ ដល់គេហដ្ឋានគ្រួសារសព។
លោកបន្តថា មន្ត្រីជំនាញក្រសួងសុខាភិបាល បានសួរនាំពីការស្លាប់របស់ស្ត្រីរងគ្រោះ ពិសេសពីការវះកាត់ពីរដង ពីឆ្មបដែលគាត់ព្រួយបារម្ភថា ជាឆ្មបធ្វើកម្មសិក្សា ក្រុមការងារបានពន្យល់ពីហេតុផល នៃការវះកាត់ ពីឆ្មបមានជំនាញ របស់មន្ទីរពេទ្យ និងការខិតខំជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ គ្រួសារសពបានទទួលយកដោយពុំមានប្រតិកម្មអ្វីឡើយ។ ជាងនេះ គ្រួសារស្ត្រីរងគ្រោះ ក៏បានជូនលិខិតអញ្ជើញឲ្យចូលរួមបុណ្យ និងបានបញ្ជាក់ថាពុំមានការប្តឹងផ្តល់ និងពុំមានការអំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ឲ្យជួយអន្តរាគមន៍ ឬពុំចង់បានសំណងអ្វីឡើយ ដោយសុំអោយខាងពេទ្យចួលរួមបុណ្យ7ថ្ងៃ និងចូលបូណ្យតាមសទ្ធា។
លោក សេង ណុង ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា តាំងពីថ្ងៃស្ត្រីស្លាប់រហូតដល់ពេលនេះ គឺមានអ្នកសារព័ត៌មានមួយចំនួន បានទៅសួរនាំ តែក្រុមគ្រួសារសព ហើយគ្រួសារសព ក៏បានហាមមិនអោយសារព័ត៌មានទាំងនោះចុះផ្សាយថែមទៀតផង។
លោកថា ករណីខាងលើនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានការសោកស្តាយចំពោះការជួយអន្តរាគមន៍ ជួយសង្គ្រោះពុំបានជោគជ័យ និងសូមចូលមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសព ដោយក្តីគោរពអាណិតស្រលាញ់គ្រប់ៗគ្នា៕ ដែន សីមា