រតនគិរី៖ កាលពីក្នុងឆ្នាំ២០១៧ ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ទៅកាន់ទីផ្សារបរទេស បានកើនឡើងដល់ ១១.១៥៣លានដុល្លារអាមេរិក គឺស្មើនឹងជាង១៨ភាគរយ បើធៀបឆ្នាំ២០១៦ ដែលមានទឹកប្រាក់ត្រឹមតែ ៩.៤២១លានដុល្លារអាមេរិក។ ដោយឡែក ការនាំចេញតាមរយៈវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D) ទៅកាន់ទីផ្សារតំបន់អាស៊ាន បានកើនឡើងប្រមាណ ៦៦ភាគរយ គឺពីទឹកប្រាក់ ៧២៨លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦ រហូតដល់ ១.២១៤លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧។
ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ និងជួយសម្រួលប្រជាកសិករ និងពាណិជ្ជករ ក្នុងការនាំចេញកសិផលតាមច្រកព្រំដែន នៃតំបន់ភូមិភាគឦសាន ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី ១ខ្នង របស់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ដំណាលគ្នាជាមួយការធ្វើប្រតិភូកម្ម សេវាចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ឌី (D) ថែមទៀត។
នៅក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងបានចាត់ទុកទុកព្រឹត្តិការណ៍ថ្ងៃនេះ គឺជាភស្តុតាងថ្មីមួយទៀត ដែលបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តអនុវត្តន៍យុទ្ធសាស្ត្រ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អគាររដ្ឋបាលថ្មីដែលមានសាលប្រជុំធំ និងបំពាក់ដោយម៉ាស៊ីនត្រជាក់ នឹងផ្តល់កម្លាំងចិត្តដល់មន្ត្រី ក្នុងការបំពេញការងារកាន់តែសកម្មជាងមុន ដើម្បីបង្ខិតសេវាសាធារណៈ ឲ្យបានដល់ប្រជាពលរដ្ឋ ហើយការរធ្វើប្រតិភូកម្មសិទ្ធិចេញ CO ទម្រង់ D នឹងជួយកាត់បន្ថយបាតុភាពអសកម្មផ្សេងៗ ដែលរាំងស្ទះដល់ការនាំចេញកសិផលជាយថាហេតុ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
ទន្ទឹមគ្នានេះ លោក ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ធ្វើសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងអំពាវនាវដល់ផលិតករ និងពាណិជ្ជករ មកទទួលយកសេវា CO ទម្រង់ឌី (D) នៅមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ដើម្បីសន្សំថវិកា និងពេលវេលា ក្នុងការនាំចេញកសិផលទៅកាន់ប្រទេសវៀតណាម និងឡាវ ចាប់ពីថ្ងៃនេះតទៅ។
លោក ថង សាវុន បានចាត់ទុកអគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មនេះ គឺជាមោទនភាព និងសមិទ្ធផលដ៏មានសារសំខាន់ ដែលបង្ហាញពីវឌ្ឍនភាព នៃហេដ្ឋារចនាសម្ព័ន្ធ របស់ខេត្តរតនគិរី ដំណាលគ្នានឹងវិស័យផ្សេងៗទៀត ដែលកំពុងតែបោះជំហាន ឆ្ពោះទៅមុខជាលំដាប់។ លើសពីនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ក្រសួងពាណិជ្ជកម្ម ដែលបានធ្វើប្រតិភូកម្មសេវាចេញ CO ទម្រង់ឌី (D) ជូនមន្ទីរពាណិជ្ជកម្ម ដើម្បីរួមចំណែកពង្រឹងការអភិវឌ្ឍវិស័យឯកជន នៅក្នុងខេត្តរតនគិរី ឲ្យកាន់តែភាពប្រកួតប្រជែង៕ ដោយ៖បញ្ញាស័ក្តិ