ភ្នំពេញ៖ ពលរដ្ឋជាង ៣០០ គ្រួសារ មកពីខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុនហ៊ុនស្គរអំពៅរបស់លោកឧកញ៉ាលី យ៉ុងផាត់ បានឡើងមកតវ៉ានៅភ្នំពេញសារជាថ្មី នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីរកការអន្តរាគមន៍ ពីថ្នាក់ដឹកនាំ ជាពិសេសលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ក្នុងពេលតវ៉ានាព្រឹកថ្ងៃទី២៨ខែមិថុនានេះ ពួកអ្នកតវ៉ា បានអះអាងថា ដំណោះស្រាយ មានភាពយឺតយ៉ាវ ដែលអាចឈានទៅរកគ្មានដំណោះផងដែរ ។
ក្នុងពេលតវ៉ានាព្រឹកនេះដែរ កងកម្លាំងសមត្ថកិច្ចខណ្ឌចំការ ក៏មានបានមករារាំង និងបំបែក ប្រជាពលរដ្ឋដែលមានជំលោះដីធ្លីមកពីខេត្តកោះកុង ដែលព្យាយាមបិទផ្លូវសហព័ន្ធរុស្ស៊ី ។ ពលរដ្ឋអ្នកតវ៉ា បានអះអាងថា នៅតែមិនប្រគល់ដីធ្លីជូនពលរដ្ឋរងគ្រោះទៀត ពលរដ្ឋរងគ្រោះ នៅតែមិនអាចទាមទារ យុត្តិធម៌បានទេ ប្រមាណ ១០ ឆ្នាំមកនេះ។
តំណាងប្រជាពលរដ្ឋដែលមកតវ៉ា បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មកលើកនេះគឺលុះត្រាតែមានដំណោះស្រាយពិតប្រាកដទើបគាត់យល់ព្រមត្រឡប់ទៅស្រុកវិញ។
ឧទាហរណ៍ បើគេសងជាទឹកប្រាក់ ទាល់តែគេលាតទឹកប្រាក់ឲ្យពួកខ្ញុំ ទើបខ្ញុំត្រឡប់ទៅវិញ។ បើគេចាប់ឆ្នោតដីធ្លី ទាល់តែយកឆ្នោតនោះមកចាប់នៅទីនេះ ទើបខ្ញុំត្រឡប់ទៅវិញ ពីព្រោះគេសន្យាច្រើនលើកច្រើនសារហើយ តែគេមិនមានវិធានការអ្វីជូនដល់ប្រជាពលរដ្ឋឡើយ ពលរដ្ឋម្នាក់ទៀតដែលមកតវ៉ាដែរនោះ បានប្រាប់ថា ប្រជាពលរដ្ឋបាត់បង់ជំនឿ ទៅលើអាជ្ញាធរ ដែលបានសន្យាថាដោះស្រាយតែមិនមានលទ្ធផល ដូច្នេះហើយទើបពួកគេមិនត្រឡប់ទៅវិញ ដោយគ្មានដំណោះស្រាយ។ គេប្រាប់ឲ្យទៅវិញទៅ ចាំគេដោះស្រាយបញ្ហាឲ្យតាមក្រោយ ពីព្រោះការដោះស្រាយត្រូវការពេលវេលា ប៉ុន្ដែលើកនេះខ្ញុំមិនទៅវិញនោះទេ ពួកគេសន្យាច្រើនលើកហើយ ប៉ុន្ដែមិនមានដំណោះស្រាយអ្វី ចំពោះប្រជាជនឡើយ។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សាលាខេត្តកោះកុង បានសម្រេចបង្កើត ក្រុមការងារខេត្ត ដើម្បីចុះពិនិត្យ និងសិក្សាករណី ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយច្បាប់ ស្នើប្រជាពលរដ្ឋ ដែលមានវិវាទជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង ក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd ចុះសហការតាមការអញ្ជើញ របស់រដ្ឋបាលខេត្តកោះកុងពិនិត្យទីតាំង ដើម្បីវាស់វែង និងធ្វើការបែងចែកឡូត៍ជូន។
ចំណែក អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានចេញសេចក្ដីជូនដំណឹងអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិលនិងស្រុកបុទុមសាគរ ដែលធ្លាប់មានទំនាស់ជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugur Industry Co.,Ltd សូមចូលរួមជាមួយក្រុមមន្ត្រីក្នុងការវាស់វែង និងបែងចែកដីធ្លី ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ តទៅ៕ ដោយ៖បញ្ញាស័ក្តិ