ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានឃាត់ខ្លួនបុរសម្នាក់ បានធ្វើសកម្មភាពដើរបាចត្រាក់ (ខិត្តប័ណ្ណ)ឃោសនាជ្រើសរើសកម្លាំងខុសច្បាប់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
បុរសដែលឃាត់ខ្លួននេះ ឈ្មោះ តាន់ តុងហ៊ី អាយុ៤៣ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមសនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងពេលឃាត់ខ្លួនបុរសរូបនេះសមត្ថកិច្ចបានដកហូតបានឯកសារមួយចំនួន។
សមត្ថកិច្ចខណ្ឌដូនពេញ បានបញ្ជាក់ថា ឈ្មោះ តាន់ តុងហ៊ី បានដើរបោះត្រាក់ នៅត្រង់ចំណុចហាងកាហ្វេដើមអំពិល ខាងមុខតុលាការកំពូល ផ្លូវ១៣ កែង១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយក្នុងពេលកំពុងធ្វើសកម្មភាព ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បី សាកសួរបន្ត នៅវេលាម៉ោង១១:៥០នាទី នាថ្ងៃខែឆ្នាំដដែល។សមត្ថកិច្ចបន្តថា៖ជននេះជាសកម្មជនគណបក្សសង្គ្រោះជាតិ ហើយការដែលជននេះដើរបាចត្រាក់ គឺទទួលបញ្ជាពីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល ដែលគេមានផែនការជ្រើសរើសកងកម្លាំងស្នូលក្នុងចលនាក្រោកឡើងតស៊ូថ្ងៃទី១៥ និង១៦ វិច្ឆិកា ២០១៧ នឹងរហូតដល់បោះឆ្នោតឆ្នាំ២០១៨៕ ដោយ៖បញ្ញាស័ក្តិ