សត្វក្រពើដែលធំ និងវែងបំផុត លើសពីការស្មានរបស់យើង ពិតជាមានប្រាកដមែន ហើយតទៅនេះ គឺរឿងរ៉ាវរបស់សត្វក្រពើ ដែលធំៗបំផុតនៅក្នុងពិភពលោកយើង…តើវាកាចសាហាវយ៉ាងណា និងមានទំហំធំប៉ុនណា និងស្ថិតនៅក្នុងប្រទេសណាខ្លះ សូមតាមដានដូចតទៅ…
១-Sweet heart
Sweet heart ពេលប្រែជាភាសាខ្មែរយើង មានន័យថា “បេះដូងផ្អែមល្ហែម” តែ វាគឺជាឈ្មោះរបស់សត្វក្រពើ ១ក្បាល ដែលមិនបានផ្អែមល្ហែមដូចឈ្មោះបន្តិចណាឡើយ។ ស្វ៊ីតហាត ជាក្រពើសមុទ្រ នៅប្រទេសអូស្ត្រាលី ដែលមានទំហំធំ និងមានប្រវែង ៥,១ម៉ែត្រ ហើយប្រវត្តិដ៏កាចសាហាវរបស់វា គឺធ្លាប់វាយប្រហារទូកអ្នកទេសចរ និងទូកនេសាទរួចមកហើយ នៅក្នុងឆ្នាំ១៩៧៩ ដែលជាធម្មតា សត្វក្រពើច្រើនតែមិនវាយប្រហារអ្វី ដែលមានទំហំធំជាងខ្លួនវាឡើយ តែស្វ៊ីតហាត បែរជាមានទង្វើខុសប្លែកពីសត្វក្រពើដទៃទៀត។ ស្វ៊ីតហាតត្រូវចាប់បានទាំងរស់ដោយក្រុមមន្ត្រីអនុរក្សធម្មជាតិ និងបច្ចុប្បន្នត្រូវបានចារឹកទុកនៅក្នុងសារមន្ទីរ Territory របស់ប្រទេសអូស្ត្រាលី។

២-Brutus
ប្រ៊ូតាស់ ក៏ជាក្រពើសមុទ្រក្នុងប្រទេសអូស្ត្រាលីដែរ វាមានប្រវែងខ្លួន ៥,៦ម៉ែត្រ។ ក្រពើ ១ក្បាលនេះ ជាក្រពើដែលចូលចិត្តចេញទៅក្នុងតំបន់សមុទ្រទឹកជ្រៅ និងធ្លាប់ប្រយុទ្ធជាមួយត្រីឆ្លាមរួចមកហើយ ដោយប្រ៊ូតាស់ធ្លាប់សម្លាប់ និងស៊ីត្រីឆ្លាមក្បាលញញួរជាអាហារទៀតផង តែការប្រយុទ្ធជាមួយត្រីឆ្លាម ធ្វើឱ្យប្រ៊ូតាស់ដាច់ជើងអស់១ នៅសល់តែជើង៣ ប៉ុណ្ណោះ។
៣-Gustave
គូស្តាហ្វ ជាក្រពើទឹកសាបនៅក្នុងទន្លេនីល ដែលមានខ្នាតធំបំផុត និងមានបណ្តោយខ្លួនប្រវែង ៦ម៉ែត្រ និងជាសត្វក្រពើដែលសម្លាប់មនុស្សអស់ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយមានមនុស្សក្លាយជាចំណីរបស់វារួចមកហើយជិត ៣០០នាក់។ ក្រៅពីនេះ វានៅមានស្នាមរបួសនៅលើក្បាល ដែលជាស្នាមរបួសដោយសារត្រូវគ្រាប់កាំភ្លើង តែវាក៏រួចជីវិត ហើយគូស្តាហ្វថែមទាំងធ្លាប់ប្រយុទ្ធជាមួយសត្វដំរីទឹក ដែលមានមាឌធំជាងវា និងទទួលបានជ័យជម្នះទៀតផង។ គេនាំគ្នាជឿថា គូស្តាហ្វជាសត្វក្រពើដែលឆ្លាតបំផុត ព្រោះធ្លាប់មានការធ្វើអន្ទាក់ដាក់ចាប់គូស្តាហ្វរួចមកហើយ ដែលអន្ទាក់នោះមានទំហំធំ និងរឹងមាំ ល្មមអាចចាប់សត្វដំរីបាន ១ក្បាលទៀតផង តែអន្ទាក់នោះបែរជាត្រូវគូស្តាហ្វបំផ្លាញខ្ទេចខ្ទីអស់ និងថែមទាំងត្រូវអូសទម្លាក់ទឹក លិចស្ទើរតែទាំងស្រុងទៀតផង តែបន្ទាប់ពីនោះមក គ្មាននរណាម្នាក់បានឃើញគូស្តាហ្វទៀតឡើយ មានពាក្យចចាមអារ៉ាមខ្លះថា គូស្តាហ្វបានភៀសខ្លួនទៅប្រទេសប៊ូរុនឌី បាត់ទៅហើយ ខ្លះក៏និយាយថា គូស្តាហ្វត្រូវសត្វតោពេញវ័យ ១ក្បាលខាំស៊ី និងខ្លះទៀតនិយាយថា វាចាស់ និងស្លាប់បាត់ទៅហើយ តែមានអ្នកខ្លះទៀតនិយាយថា វាមិនទាន់ស្លាប់ទេ និងកំពុងរស់នៅយ៉ាងស្ងប់ស្ងាត់ ក្នុងប្រទេសអាហ្វ្រិក។

៤-Lolong
ឡូឡង គឺជាសត្វក្រពើដែលមានទំហំខ្លួនធំ និងវែងបំផុតក្នុងពិភពលោក ដោយវាមានប្រវែងទាំងអស់ ៦,១៧ម៉ែត្រ។ វាធ្លាប់ត្រូវបានគេសង្ស័យថា ជាឃាតករសម្លាប់មនុស្សនៅហ្វីលីពីនអស់ជាច្រើននាក់ តែក្រោយពីមានការត្រួតពិនិត្យរួចមក ក៏រកឃើញថា ឡូឡងមិនបានសម្លាប់មនុស្សទេ តែទោះជាយ៉ាងណា ក៏ឡូឡងនៅតែជាសត្វក្រពើដែលមានទំហំធំ និងគួរឱ្យខ្លាចដដែល ដោយវាមានទម្ងន់ខ្លួនដល់ទៅ ១ ០៧៥គីឡូក្រាមទៀតផង ដែលទម្ងន់នេះ វាស្មើនឹងទម្ងន់របស់សត្វតោអាហ្វ្រិក ៤ក្បាលរួមគ្នាឯណោះ។ បច្ចុប្បន្នឡូឡង បានស្លាប់បាត់ទៅហើយ។

៥-អាសន្លាក-ក បាងមុត
ថយត្រឡប់ទៅកាលពីឆ្នាំ១៩៦៤ នៅឯដងស្ទឹងបាងមុត ខេត្តឈុមផន ប្រទេសថៃ។ ដងស្ទឹងដ៏ធំមួយនេះ មានសត្វក្រពើរស់នៅជាច្រើន ដោយពួកអ្នកស្រុកម្នាក់ៗ សុទ្ធតែធ្លាប់បានឃើញវាឡើងពីទឹក មកដេកអាំងថ្ងៃជាប្រចាំ តែពួកអ្នកស្រុកអាចរស់នៅជាមួយវាបាន ដោយគ្មានខាងណារំលោភបៀតបៀនខាងណាឡើយ។ ជាប្រក្រតី ស្ទឹងបាងមុត គឺជាផ្លូវធ្វើដំណើរតាមទូក និងត្រូវបានអ្នកស្រុកធ្វើដំណើរទៅមកជាប្រចាំ រហូតទាល់តែពេលមានលេចឮដំណឹងថា មានមនុស្សបាត់ខ្លួន និងពេលប្រទះឃើញ ក៏ក្លាយជាសាកសពអណ្តែតទឹកបាត់ទៅហើយ។ មានការសន្និដ្ឋានថា សាកសពនោះ ប្រហែលជាត្រូវសត្វស៊ីសាច់ឆៅ ខាំស៊ីជាអាហារ តែក៏មិនមានអ្នកណាអាចផ្ដល់ចម្លើយបានច្បាស់ថា តើជាស្នាដៃរបស់សត្វកំណាចមួយណាឡើយ។ រហូតទាល់តែមានពាក្យចចាមអារ៉ាមលេចឮឡើងជាច្រើន នៅពេលដែលមានអ្នកស្រុកម្នាក់ទៀត ត្រូវបានគេប្រទះឃើញស្លាប់ ដោយខ្លួនប្រាណត្រូវដាច់រយះរយាយ និងអណ្ដែតទឹក។ កណ្តាលភាពភ្ញាក់ផ្អើល និងភិតភ័យ ក៏មានចម្លើយពីអ្នកស្រុកម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានប្រាប់ថា គេបានជួបសត្វក្រពើ ១ក្បាល ខ្លួនធំប៉ុនធុងសាំង ២០០លីត្រ មានដងខ្លួនវែងប្រហែលជា ៩ម៉ែត្រ ឡើងពីទឹក មកខាំអូសអ្នកស្រុកចុះទៅហែកស៊ីនៅក្នុងទឹក ដោយក្រពើ ១ក្បាលដែលថានេះ មានចំណុចសម្គាល់ច្បាស់ នៅត្រង់វាមានសន្លាកពណ៌ស មើលឃើញច្បាស់នៅត្រង់បរិវេណបំពង់កខាងស្តាំរបស់វា ទើបធ្វើឱ្យវាបានទទួលឈ្មោះថា “អាសន្លាក-ក”។ ចាប់ពីពេលនោះមក ពួកអ្នកស្រុកក្នុងស្រុកឡាំងសួន ក្នុងខេត្តឈុមផន ស្ទើរតែលែងហ៊ានធ្វើដំណើរតាមដងស្ទឹងមួយនេះទៀត ព្រោះថា មានក្រពើយក្ស ចាំស្ទាក់ខាំស៊ីជាចំណី។ អ្នកនេសាទ កូនក្មេង និងពួកអ្នកស្រុក សុទ្ធតែក្លាយជាចំណីរបស់វា ហើយសត្វក្រពើ ១ក្បាលនេះ មានភាពកាចសាហាវខ្លាំងណាស់ ដល់ថ្នាក់តាមដេញត្របាក់ស៊ីមនុស្សម្នា ដែលធ្វើដំណើរទៅមកទៀតផង តែក្រោយមក អាសន្លាក-ក ក៏ត្រូវបានអាជ្ញាធរសម្លាប់ ដោយគ្រាប់មីន C3 ធ្វើឱ្យបាក់ឆ្អឹងខ្នង និងស្លាប់នៅទីបំផុត៕






































