តាកែវ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសហប្រតិបត្តិការអន្តរជាតិ៥ឆ្នាំរវាងសាលាតំបូងខេត្តតាកែវប្រទេសកម្ពុជា និងតុលាការប្រជាជនខេត្តអានយ៉ាង ប្រទេសវៀតណាម នៅសាលប្រជុំសាលាតំបូងខេត្តតាកែវ នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ២០១៨ នេះ លោកស្រី អ៊ិន ម៉ានិត្យ ប្រធានសាលាតំបូងខេត្តតាកែវ បានស្នើសុំភាគីវៀតណាម តុលាការប្រជាជនខេត្តអានយ៉ាង បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់បូរពត័មាន ការយល់ដឹងអំពីប្រព័ន្ធច្បាប់របស់ប្រទេសទាំងពីរ បទពិសោធន៏ក្នុងការងារជំនុំជម្រះ ជាពិសេសរួមគ្នាទប់ស្កាត់និងបង្ការប្រឆាំងបទល្មើស តាមរយៈការចាត់តាំងគណៈប្រតិភូរធ្វើទស្សនៈកិច្ចស្រាវជ្រាវ លើកិច្ចសន្ទានារវាង ចៅក្រម កម្មាភិបាលរបស់តុលាការទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹង បទពិសោធន៏ក្នុងការងាររបស់ខ្លួន ពិសេសជាងនេះទៀត គឺលើកកំពស់នូវប្រសិទ្ធិភាពកិច្ចការប្រឆាំងបទល្មើសឆ្លងដែន ថែរក្សាស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ ។
ជាកិច្ចឆ្លើយតបទៅនឹងការស្នើរសុំរបស់ប្រធានសាលាតំបូងខេត្តតាកែវ លោក ឡា ហុង ប្រធានតុលាការប្រជាជនខេត្តអានយ៉ាង បានឯកភាព និងយល់ព្រមលើការស្នើរបស់លោកស្រី អ៊ិន ម៉ានិត្យ ។ មិនតែប៉ុណ្ណោះលោកក៏បានលើកឡើងអំពីសភាពការណ៏បទល្មើសដែលកើតមានឡើង ក្នុងរយៈពេលកន្លងទៅដែលមានការពាក់ព័ន្ធរវាងប្រជាពលរដ្ឋនៃខេត្តទាំងពីរ ជាមួយនិងច្បាប់អាពាពិពាហ៍ ឈ្មួញរកស៊ីឆ្លងដែនមិនយល់ពីច្បាប់ និងការលួចចូលដែននេសាទ ហើយក្នុងស្ថាប័នតុលាការនៃប្រទេសទាំងពីរ គឺតែងតែមានការយោគយល់លើភាគីមិត្ត រាល់ពេលដែលកើតមានបទល្មើសស្រាល គ្មានស្ថានទម្ងន់ទោស សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះដែរ ប្រតិភូនៃខេត្តទាំងពីរបានផ្លាស់ប្តូបទពិសោធន៍ និងស្វែងយល់អំពីច្បាប់ រវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានស្រាប់រវាងថ្នាក់ដឹកនាំ ប្រជាជននៃខេត្តទាំងពីរ ខេត្តតាកែវ (ប្រទេសកម្ពុជា) និងខេត្តអានយ៉ាង (ប្រទេសវៀតណាម) និងចាត់ទុកថាជាកត្តាដ៏សំខាន់ដើម្បីរួមចំណែកមានប្រសិទ្ធភាពក្នុងការបង្ការប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសពោរពេញទៅដោយចំណងសាមគ្គីភាព មិត្តភាព ជាភូមិផងរបងតែមួយដ៏ល្អប្រសើរ ៕ តាកែវ