ខេត្តព្រះសីហនុ៖ កងទ័ពជើងទឹកភូមិន្ទថៃ បានឧបត្ថម្ភសត្វល្មិចឬអណ្តើកសមុទ្រចំនួនជាង២០០ក្បាល ដល់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា ដើម្បីយកទៅព្រលែងក្នុងសមុទ្រធម្មជាតិ នៅឆ្នេរឋានសួគ៌កោះរ៉ុង។
សកម្មភាពនេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងកងទព័ជើងទឹកកម្ពុជា និងកងទ័ពជើងទឹកភូមិន្ទថៃ ហើយសត្វល្មិចឬអណ្តើកសមុទ្រទាំងជាង ២០០ក្បាលនេះ ត្រូវបានភាគីថៃដឹកតាមយន្តហោះយកមកពីប្រទេសថៃ ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មុននឹងដឹកបន្តតាមអូរបរ័យកកាន់ឆ្នេរកោះឋានសួគ៌។
ពិធីលែងសត្វល្មិចឬអណ្តើកសមុទ្រនេះ ធ្វើឡើងនៅ ម៉ាហ្វ៊ីយ៉ារីស៊ត របស់លោកឧកញ៉ាទៀ វិចិត្រ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងទឹកនិងជាអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា និងឯកឧត្តម នាយឧត្តមនាវី រាំងសារ៉េត សាត់យ៉ានុគួន អគ្គមេបញ្ជាការកងនាវានៃកងទ័ពជើងទឹកភូមិន្ទថៃ។
នៅក្នុងសន្ទរកថា របស់គណអធិបតី ភាគីទាំងពីរបានបង្ហាញទស្សនវិសយ័ស្របគ្នាទៅលើការប្តេជ្ញាចិត្ត រួមគ្នាជួយការពារ អភិរក្សសត្វអណ្តើកសមុទ្រទប់ស្កាត់ការជួញដូរ និងទប់ស្កាត់មិនអោយមានការសម្លាប់សត្វសមុទ្រនេះផងដែរ។
នាឱកាសនោះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ នៃអគ្គលេខា ធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជាមានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយថា នេះជាកិច្ចសហប្រតិបត្តិការដ៍ល្អ រវាងកម្ពុជានិងថៃលើការថែរក្សាអភិរក្សធនធានសមុទ្រ និងថាដំណើរការនេះកើតឡើងក្រោយគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា មានទស្សនវិស័យច្បាស់លាស់លើការងារអភិរក្សធនធានក្នុងសមុទ្រ។
ជាមួយគ្នានេះ ក្រៅពីលែងសត្វអណ្តើកសមុទ្រ២០០ក្បាល ដែលឧបត្ថម្ភដោយកងទ័ពភូមិន្ទថៃ លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំយកសត្វអណ្តើកសមុទ្រទម្ងន់ប្រមាណ៥០គីឡូក្រាម ១ក្បាល មកព្រលែងជាមួយគ្នាដែរ ដូចដែលលោកឧកញ៉ាធ្លាប់បានធ្វើកន្លង មក៕ ដោយ ៖ ដែនសីមា