វីដេអូមួយ ដែលកំពុងត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម បង្ហាញក្មេងស្រីតូចម្នាក់អាយុខ្ទង់ប្រហែល ៣-៤ ឆ្នាំ អង្គុយចុងកន្ទុយម៉ូតូ ឱបពីខាងក្រោយស្រ្តីម្នាក់ (ប្រហែលជាម្តាយ) ដែលត្រូវបានឌុបដោយស្រ្តីម្នាក់ បានបង្កឲ្យមហាជនផ្ទុះកំហឹងយ៉ាងខ្លាំង ព្រោះតែម្នាក់ៗព្រួយបារម្ភពីសុវត្ថិភាពរបស់ក្មេងស្រីនោះ ជាពិសេសពីសំណាក់មហាជនជាឪពុកម្តាយជាច្រើន។
តាមរយៈវីដេអូរយៈពេល ២១ វិនាទី ដែលត្រូវបានថតអ្នកដំណើរ បានបង្ហាញឲ្យឃើញស្រ្តី២នាក់ កំពុងជិះម៉ូតូធូដេ ឌុបគ្នា ស្ថិតនៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រប់គ្នា ស្លុតចិត្តយ៉ាងខ្លាំងបំផុតនោះ គឺនៅពេលបានឃើញក្មេងស្រីតូចម្នាក់ កំពុងអង្គុយចុងកន្ទុយម៉ូតូ ឱបពីខាងក្រោយស្រ្តីទាំងពីរ ដោយមិនដឹងថា គ្នាស្រៀវស្ញើបភ័យយ៉ាងណា ខណៈមូកសុវត្ថិភាពក៏មិនមានពាក់ការពារទៀត។ លើសពីនេះ អ្វីដែលគួរឲ្យអាណិតខ្លាំងទៀតនោះ គឺមិនដឹងថា កូនស្រីនោះនឹងត្រូវព្យាយាមអង្គុយឱបពីខាងក្រោយស្រ្តីជាម្តាយ រហូតផ្លូវចម្ងាយណានោះទេ។
ជាមួយនឹងទង្វើដ៏ហាក់គ្មានការទទួលខុសត្រូវ របស់ស្រ្តីទាំងពីរនេះ បានធ្វើឲ្យមហាជនផ្ទុះការរិះគន់ និងខឹងសម្បារយ៉ាងខ្លាំង។ ក្នុងនោះ អ្នកខ្លះដោយសារខឹងខ្លាំងពេក បានស្នើឲ្យសមត្ថកិច្ចស្វែងរកហៅស្រ្តីទាំងពីរនាក់នេះ យកទៅប្រដៅចេញម្តងទៅ កុំឲ្យពួកគាត់ឆ្គួតចឹងទៀត។
រីឯមហាជនជាច្រើនទៀត ដែលមានការព្រួយបារម្ភពីសុវត្ថិភាពក្មេង បានបញ្ចេញមតិទាំងចិត្តក្តៅថា៖ «ឡប់សតិមែន មិនដាក់កូនអង្គុយកណ្តាលឱបទេ ចុះបើកូនងងុយដេកងោកធ្លាក់ទៅ គិតយ៉ាងម៉េច អត់មានខួរគិតទេអី, មិនដឹងចិត្តជាអ្វី បានជាធ្វើបែបនេះ, បើខ្ញុំជាប៉ូលិសវិញផាកពិន័យឲ្យរាងចាលតែម្តង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






