Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក​របស់​កម្ពុជា​ត្រូវបាន​ប្រកាស​ជា​WORLD GUINESS RECORD

​​ភ្នំពេញ​៖ ក្រមា​ខ្មែរ​ដែល​រៀបចំឡើង​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាមរយៈ​ចលនា GOGO Cambodia ក្រោម​ប្រធានបទ​ថា «​ជឿថា​ខ្មែរ​អាចធ្វើ​បាន​»​ដែល​រួមគ្នា​ត្បាញ​អស់​រយៈពេល​ជាង​៥​ខែ​កន្លងមកនេះ​ត្រូវបាន​ប្រកាស​ជាប់​ជា​ឯតទគ្គ​កម្ម​ជា​ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក​WORLD GUINESS RECORD ។​

​ការប្រកាស​ជា​ផ្លូវការ​នូវ​ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក​របស់​កម្ពុជា WORLD GUINESS RECORD​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយមាន​ការចូលរួម​ពី​មហាជន​ប្រមាណ​៣​ម៉ឺន​នាក់ ។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាមរយៈ​ចលនា «GOGO Cambodia» ក្រោម​ប្រធានបទ​ថា «​ជឿថា​ខ្មែរ​អាចធ្វើ​បាន​» បានរៀបចំ​ឲ្យ​មានការ​ត្បាញ​ក្រមា​ខ្មែរ​នៅ​វាល​ព្រះមេរុ ក្បែរ​ព្រះបរមរាជវាំង តាំងពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​មកម្ល៉េះ​។ ការ​ត្បាញ​ក្រមា​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចូលរួម​ត្បាញ​ក្រមា​នេះ ហើយ​ក្នុងនោះ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​ចូលរួម​ត្បាញ​ក្រមា​នេះ​ផងដែរ​។​

​បន្ទាប់ពី​ការវាស់វែង និង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ហើយ​នោះ គណៈកម្មការ​មួយ​នេះ បានសម្រេច​ឲ្យ​ក្រមា​ខ្មែរ​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​ក្រមា​វែង​ជាងគេ​ជាមួយ​​នឹង​សម្រែក​ហ៊ោកញ្ជ្រៀវ​បាន​បន្លឺឡើង​យ៉ាង​កងរំពង នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ចំពោះ​សមិទ្ធផល​ថ្មី​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​រួមគ្នា​សម្រេចបាន​នេះ ដែល​នេះ​ជា​មោទនភាព ជា​កិត្តិយស​ជាតិ​ថ្មី​មួយទៀត ដែល​ពលរដ្ឋ​ខ្មែរ​បានរួម​គ្នា​កសាងឡើង​។​

​សូមជម្រាបថា យុទ្ធនាការ​ក្រមា​៖ «​បំបែក​ឯតទក​គ្គក​ម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ត្រូវបាន​នាំមក​ជូន​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់​ក្នុង​គោលបំណង​ធំៗ​បី រួមមាន​៖
១)​លើកកម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ ។​
២)​បង្កើត​ការចូលរួមចំណែក ពី​ប្រជាជន​កម្ពុជា​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ទាំងអស់ ដើម្បី​រួមគ្នា​ថែរក្សា​និង​លើកស្ទួយ​មត៌ក​វប្បធម៌​ប្រពៃណី​ខ្មែរ ។​
៣)​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព និង​ឯកភាព​ជាតិ​តាមរយៈ​ការរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​សម្រាប់​ជាតិ​៕ ដោយ​៖​កូ​ឡាប​

×