ភ្នំពេញៈគ្រោះអគ្គីភ័យមួយបានបំផ្លាញផ្ទះ ប្រជាជនអស់ចំនួន១០ខ្នង ទាំងកណ្ដាលអធ្រាត្រ ហើយក្រុមសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍យ៉ាងញាប់ដៃជើង ។
ហេតុការណ៍នោះកើតឡើង កាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះមានទំហំចាប់ពី ៥ម៉ែត្រគុណនឹង៦ម៉ែត្រ និង៥ម៉ែត្រគុណនឹង៨ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ប្រក់សង្សី ឆេះអស់ទាំងស្រុងចំនួន១០ខ្នង ស្មើនិង ១៦គ្រួសារ ក្នុងនោះដែរក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ បាន ប្រើប្រាស់រថយន្តចំនួន ២២គ្រឿង ប្រើប្រាស់អស់ទឹក ១៩គ្រឿង (មានរថយន្ត ក្រសួងមហាផ្ទៃ រថយន្ត ស្នងការរាជធានីភ្នំពេញ និង រថយន្តស្រាបៀកម្ពុជា )ទើបគ្រប់ស្ថានការបានទាំងស្រុង ដោយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។ ចំណែកចំពោះមូលហេតុនៃបង្កឲ្យមានអគ្គិភ័យនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី តែមិនបណ្ដាលឱ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់នោះទេ។
ប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ បានលឺសំឡេង ផ្ទុះយ៉ាងខ្លាំងលុះពេលចេញមកមើល ស្រាប់តែឃើញអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏នាំគ្នាជួយបាញ់ទឹកពន្លត់ តែដោយភ្លើងឆេះខ្លាំងពេក ទើបរាយការណ៍ប្រាប់សមត្ថកិច្ច អោយរថយន្ដពន្លត់អគ្គីភ័យ ជួយចេញអន្តរាគមន៍ ប្រើរយៈពេលជិតមួយម៉ោងទើបអគ្គីភ័យរលត់ ទៅវិញ៕ ដោយ៖បញ្ញាស័ក្តិ