ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធជនរងគ្រោះ បានស្នើសុំឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ ជួយដោះស្រាយសំណងឲ្យបានឆាប់ ក្នុងករណីភាគី ម្ចាស់រថយន្តបង្កហេតុរបស់ក្រុមហ៊ុនចាវថៃ (ចិនតៃវ៉ាន់) ដែលបានបុកប្តីរបស់គាត់ស្លាប់ ពេលជិះម៉ូតូឆ្លងផ្លូវបត់ ចូលភូមិ។ ក្នុងក្តីបារម្ភរបស់ស្ត្រីរូបនេះ ដោយសារតែភាគីម្ចាស់រថយន្ត ហាក់បីដូចជាមិនអើពើ ក្នុងការចូលខ្លួនដោះស្រាយដោយផ្ទាល់ ជាមួយសមត្ថកិច្ច និងគ្រួសារជនរងគ្រោះ ហើយក៏បានសម្តែងនូវក្តីបារម្ភខ្លាចការពន្យារ ពេលដោះស្រាយ របស់សមត្ថកិច្ចដែលធ្លាប់កើតមានកាលពីកន្លងទៅ ។ ប៉ុន្តែទោះយ៉ាងណា អ្នកបើកបរត្រូវបានឃាត់ខ្លួននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះមានឈ្មោះ សែម ផុន ភេទប្រុស អាយុជាង៦០ឆ្នាំ ជាកសិករ មានទីលំនៅភូមិរកាកោះ សង្កាត់ ព្រៃស ខណ្ឌដង្កោ ជនរងគ្រោះជិះម៉ូតូម៉ាកស៊ីរូស ពណ៌ស។ រីឯរថយន្តបង្ក ហេតុម៉ាក HYUNDAI ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ន ម៉ឺនរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ វឿន វៃ ភេទប្រុស អាយុ២៧ឆ្នាំ ជាងដែក (អ្នករួមដំណើរ) បំរើការងារនៅក្រុមហ៊ុនចាវថៃ(តៃវ៉ាន់) មាន ទីតាំងនៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សែម ផុន ជិះម៉ូតូស្របទិសគ្នាជាមួយនឹងរថយន្តពីកើតទៅលិច។ លុះដល់ចំណុច កើតហេតុជនរងគ្រោះក៏បានបត់ម៉ូតូឆ្លងផ្លូវបត់ចូលផ្ទះរបស់ខ្លួន ស្ថិតក្នុង ភូមិរកាកោះ សង្កាត់ព្រៃស នៅពេលបត់ឆ្លងផ្លូវរថយន្តក៏មិនបានបង្អង់ល្បឿន ក៏បុកម៉ូតូជនរងគ្រោះអូសជាង៥០ម៉ែត្របណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។
ឈ្មោះ វ៉ន ម៉ឺនរ៉ា អ្នកបើកបររថយន្តនិយាយថា ខ្លួនទើបតែមកពីផ្សារដែកឲ្យគេនៅសួនវឌ្ឍនៈ ផ្លូវវ៉េងស្រេង ។ ពេលធ្វើការងារចប់ខ្លួនក៏បើក រថយន្តទៅក្រុមហ៊ុនវិញ ដែលមានទីតាំងនៅភូមិស្រែញ សង្កាត់ពងទឹក ដោយធ្វើដំណើរពីកើតទៅលិចតាមបណ្តោយផ្លូវ៣០ម៉ែត្រនេះ។ លុះបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះនោះក៏ជិះម៉ូតូបត់ឆ្លងផ្លូវកាត់មុខរថយន្ត ធ្វើឲ្យគាត់ជាន់ហ្វ្រាំងមិនទាន់ក៏បុកអូសឆ្លងផ្លូវទាំងម៉ូតូ និងមនុស្ស តែម្តង។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅ វេលាម៉ោង៥ល្ងាច ថ្ងៃសៅរ៍ទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវ៣០ម៉ែត្រ ស្ថិតត្រង់ចំណុចភូមិព្រៃទទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ នាក់ ណារ៉ូ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១ កក្កដាថា ករណីនេះបង្កឡើងដោយខាងភាគីរថយន្តបើកបរលឿនខ្វះការ ប្រុងប្រយ័ត្ន ។ ចំណែកជនរងគ្រោះក៏ជាចំណែករួមខុសផងដែរ ដោយសារជនរងគ្រោះបានបត់ឆ្លងផ្លូវមុខរថយន្ត ហើយអ្នកបើកបរជាន់ហ្វ្រាំងមិនទាន់។
លោកបន្តថា បច្ចុប្បន្នរថយន្តបង្កហេតុនិងអ្នកបើកបរ បានប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បី បន្តនីតិវិធីច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ