ភ្នំពេញ៖ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នះ បានសម្រេចចេញដីកាឃុំខ្លួនក្រុមជនដៃដល់ ចំនួន៣នាក់ ករណីសម្លាប់ស្ត្រីរកស៊ីចងការប្រាក់ ហើយយកសពមកទម្លាក់ចោល ក្នុងប្រឡាយទឹកស្អុយ ។
លោកស្រី សុង ឆវន្ម័ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើក្រុមជនសង្ស័យទាំង៣នាក់ ពីបទ “ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
ជនរងគ្រោះក្នុងអំពើឃាតកម្មនេះមានឈ្មោះ ខ្នើយ សឹង អាយុ៣១ឆ្នាំ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ដោយឡែក ជនដៃដល់រួមមាន៖ ទី១៖ ឈ្មោះ អាត អឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់នំប៉័ង (ជាប្រពន្ធ), ទី២៖ ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់នំប៉័ង (ប្តី) និងទី៣៖ ឈ្មោះ សុខ ហេង ហៅ អេត ចាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តព្រៃវែង បាននាំខ្លួនឃាតករប្តីប្រពន្ធ២នាក់ មកចង្អុលបង្ហាញ និងធ្វើត្រាប់ពីទីកន្លែងដែលពួកគេវាយសម្លាប់ នារីអ្នករកស៊ីរាប់លុយម្នាក់ ហើយយកសពមកទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ បានឲ្យដឹងថា កន្លងមកឈ្មោះ អាត អឿន បានចងការប្រាក់ ពីជនរងគ្រោះចំនួន២០ម៉ឺនរៀល។ ដោយមើលឃើញជនរងគ្រោះមានម៉ូតូ និងគ្រឿងអលង្កាជាប់ខ្លួននោះ ជនសង្ស័យទាំង៣នាក់ ក៏បានរៀបចំផែនការសម្លាប់ និងប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះតែម្តង។ នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខណៈជនរងគ្រោះ បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ អាត អឿន ស្ថិតនៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែឈ្មោះ អេត ចាយ បានស្ទុះទៅវាយចាប់ជនរងគ្រោះ បោកទៅលើឥដ្ឋ ហើយឈ្មោះ អេត ចាយ ចាប់ដៃ និងឈ្មោះ កែវ សុផានិត ចាប់ជើង។ ដោយឡែក ឈ្មោះ អាត អឿន បានយកទំពួកខោអាវរឹតកជនរងគ្រោះរហូតស្លាប់។ ក្រោយសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានយកភួយរុំសពជនរងគ្រោះ រួចលើកដាក់ក្នុងកញ្ចេនំប៉័ងដឹកតាមកង់ យកទៅទម្លាក់ចោល នៅតាមបណ្តោយផ្លូវលេខ៣៧១ ជាប់ស្ថានីយប្រេងតេឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយទម្លាក់សពជនរងគ្រោះរួចហើយ ជនសង្ស័យទាំង៣នាក់ បានយកម៉ូតូរបស់ជនរងគ្រោះទៅដាក់បញ្ចាំ នៅម្តុំឃ្លាំងរំសេងបានប្រាក់ចំនួន៥៥០ដុល្លារ និងទូរស័ព្ទដៃអាយហ្វូន យកទៅលក់នៅផ្សារឃ្លាំងរំសេវ បានប្រាក់៦៥ដុល្លារ។ តែឈ្មោះ អេត ចាយ បានប្រាក់តែ១០០ដុល្លារទេ ចំណែកប្រាក់នៅសល់ គឺជនសង្ស័យទាំង២នាក់ប្តីប្រពន្ធជាអ្នកយក៕ ដោយ៖បញ្ញាស័ក្តិ