បុរសដែលបានរៀបការនឹងក្មេងស្រីអាយុ ១១ ឆ្នាំ បានទទួចថា គាត់នឹងនៅតែរៀបការជាមួយនាង ទោះបីមានការប្រឆាំងទំទាស់នឹងអាពាហ៍ពិពាហ៍របស់ពួកគេយ៉ាងណាក៏ដោយចុះ ។
បុរសវ័យ ៤១ ឆ្នាំរូបនេះបាននិយាយថា គាត់មិនបានលួចរត់ទៅរៀបការជាមួយ«ភរិយាទី៣» ដ៏ក្មេងខ្ចីរបស់គាត់ទេ ។ ផ្ទុយទៅវិញ អាពាហ៍ពិពាហ៍នេះត្រូវបានព្រមព្រៀងដោយឪពុកម្តាយរបស់ក្មេងស្រី ដែលបានចូលរួមពិធីមង្គលការនៅ Sungai Golok ស្ថិតនៅភាគខាងត្បូងប្រទេសថៃ កាលថ្ងៃទី១៨ ខែមិថុនា ។
គាត់បានសន្យាថា គាត់នឹងទទួលបានសំបុត្រអាពាហ៍ពិពាហ៍ សម្រាប់ប្រពន្ធរបស់គាត់ចុងក្រោយនេះ ក្នុងរយៈពេល៥ឆ្នាំនៅពេលគាត់មានអាយុ ១៦ ឆ្នាំ មុនពេលពួកគេរស់នៅជាមួយគ្នា ។
បុរសមានប្រពន្ធដល់ទៅ២ និងមានកូនរួចទៅហើយរូបនេះ បាននិយាយថា៖ «ខ្ញុំមានការខកចិត្តខ្លាំង ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងគួរឲ្យអស់សំណើចនេះ មកលើរូបខ្ញុំ នៅលើបណ្តាញសង្គម ព្រោះខ្ញុំបានរៀបការប្រពន្ធទី៣របស់ខ្ញុំរួចទៅហើយ» ។
បុរសរូបនេះបាននិយាយនៅពេលជួបជុំគ្នានៅឯផ្ទះរបស់គាត់ នៅ Kampung Lalang, Kuala Betis កាលពីថ្ងៃទី០១ កក្កដា ថា៖ «ខ្ញុំកំពុងមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការផ្លូវច្បាប់ ដោយសារតែការចោទប្រកាន់មិនត្រឹមត្រូវទាំងនេះ» ។
គាត់ក៏បានចង្អុលបង្ហាញថា មុនពេលរៀបការនេះ គាត់បានជួបជាមួយឪពុកម្តាយរបស់នាង និងបានព្រមព្រៀងគ្នា ដើម្បីគិតគូពិធីមង្គលពន្យារពេល ។
មង្គលការពន្យារពេលនេះ គឺកើតឡើងនៅពេលគូស្វាមីភរិយាខុសវ័យនេះរៀបការនឹងគ្នា ប៉ុន្តែ ពួកគេមិនទាន់រួមរស់នៅជាមួយគ្នាសម្រាប់ពេលវេលាជាក់លាក់មួយ ព្រោះនឹងត្រូវបានអនុញ្ញាតអាស្រ័យដោយគ្រួសារកូនកំលោះ និងកូនក្រមុំ ប៉ុណ្ណោះ ។
គាត់ក៏បានបដិសេធការចោទប្រកាន់ថា អាពាហ៍ពិពាហ៍របស់គាត់ កំពុងត្រូវបានបំបែកបំបាក់ ដោយសារតែប្រពន្ធទី១ និងទី២របស់គាត់ បានស្នើសុំលែងលះ ។
គាត់បន្ថែមថា ប្រពន្ធទាំងនោះរបស់គាត់ ពុំដែលលើកឡើងពីបំណងរបស់ពួកគេ ដើម្បីស្វែងរកការលែងលះទេ ហើយផ្ទុយទៅវិញ បែរជាទទួលយកអាពាហ៍ពិពាហ៍របស់គាត់ ជាមួយប្រពន្ធទី៣ ៕ ចន្ទី