ដំឡូងជ្វាពណ៌ស្វាយកំពុងត្រូវបានចាត់ទុកជាប្រភេទអាហារដ៏អស្ចារ្យ ខណៈពេលដែលក្រុមអ្នកវិទ្យាសាស្ត្រចាត់ទុកថា វាអាចជួយទប់ស្កាត់ជំងឺមហារីកបាន ។
ដំឡូងជ្វាពណ៌ស្វាយអាចជួយទប់ស្កាត់ការរងរបួសនៃកោសិកា ប្រឆាំងរ៉ាឌីកាល់សេរី នៅក្នុងរាងកាយ ។
Soyoung Lim អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យនៃរដ្ឋ Kansas អាមេរិកឲ្យដឹងថា ដំឡូងជ្វាពណ៌ស្វាយសម្បូរទៅដោយសារធាតុចម្រុះ anthocyanin ។ សារធាតុចម្រុះនេះវាបង្កើតឲ្យ បន្លែផ្លែឈើ ឬមើមមានពណ៌ក្រហម ខៀវ និងស្វាយ ។
ដូចនេះឯងគេក៏បានរកឃើញនៅក្នុងផ្លែប្លូប៊ឺរី ទំពាំងបាយជូរក្រហម ស្ពៃក្តោបពណ៌ស្វាយ ។ល។ ប៉ុន្តែក្នុងដំឡូងជ្វាពណ៌ស្វាយវាសម្បូរសារធាតុនេះ ជាងពពួកបន្លែផ្លែឈើខាងលើ ។ anthocyanin ជាសារធាតុចម្រុះពណ៌ Organic ធម្មជាតិរលាយនៅក្នុងទឹក ។ ក្រៅពីធ្វើឲ្យបន្លែផ្លែឈើមានពណ៌ស្អាត វានៅមានធាតុផ្សំជីវសាស្ត្រគាប់ប្រសើរសម្រាប់សុខភាពមនុស្ស ។ សារធាតុចម្រុះនេះពុំមានជាតិពុល មិនបង្កឲ្យមានការប្រែប្រួលហ្សែន ត្រូវបានគេចាត់ទុកជាផ្នែកសំខាន់មួយក្នុងរបបអាហាររបស់មនុស្ស ។
Antocyanin ដើរតួនាទីសំខាន់ ក្នុងការបង្ការ និងជំនួយក្នុងដំណើរព្យាបាលជំងឺ ៖ ភ្នែក មហារីក សួត បេះដូង ទប់ស្កាត់ភាពចំណាស់ និងការឡើងរឹងនៃសរសៃឈាម ។
ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បានគួបផ្សំសារធាតុចម្រាញ់ចេញពីដំឡូងជ្វាពណ៌ស្វាយអាំងឆ្អិនទៅលើកោសិកាមហារីក ហើយពិនិត្យឃើញថា បណ្តាកោសិកាមហារីកពុំមានការរីករាលដាលបាន ។ ពេលដែលមេរោគវាស៊ីជាតិម្សៅនៅក្នុងដំឡូងជ្វាពណ៌ស្វាយ វាត្រូវបានបំប្លែងដោយខ្លួនឯងក្លាយទៅជាប្រភេទអាស៊ីតខ្លាញ់មួយដែលមានប្រយោជន៍ជួយសម្របសម្រួលមុខងារប្រឆាំងជំងឺក្នុងពោះវៀន ជួយកាត់បន្ថយជំងឺរលាករ៉ាំរ៉ៃ ហើយពិសេសជាងគេនោះ គឺវាធ្វើឲ្យកោសិកាមហារីកស្វ័យអត្តឃាតដោយខ្លួនវា។
ក្រៅពីនោះ ដំឡូងជ្វាពណ៌ស្វាយសម្បូរទៅដោយប្រូតេអ៊ីន និងបណ្តាអាស៊ីតអាមីនល្អ សម្រាប់ការរំលាយអាហារ គេក៏ឃើញវាសម្បូរវីតាមីន A B C ។ល។
ម្យ៉ាងទៀតថាមពលនៅក្នុងដំឡូងជ្វាស្វាយនេះមានតិចតួច មិនផ្ទុកសារធាតុខ្លាញ់ និង cholesterol វាធ្វើឲ្យមានអារម្មណ៍ថាឆាប់ឆ្អែត ហេតុនេះប្រាកដណាស់ វាជាកំពូលអាហារសម្រាប់អ្នកសម្រកទម្ងន់ទៀតផង ៕ លីសា