ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍គង្គាផុស ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ចំនួនជាង៤០០គ្រួសារស្មើនឹង៤០២ក្បាលដី ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ប្រទានកម្មដីធ្លីជូនក្រោយពីរស់នៅគ្មានប័ណ្ណកម្មសិទ្ធិជិត២០ឆ្នាំកន្លងមកនេះ។ ប្រជាពលរដ្ឋទាំងនោះ បានទៅរស់នៅលើដីរបស់សម្តេចចក្រពង្ស់ ហើយដោយមានការសម្របសម្រួល រវាងរាជរដ្ឋាភិបាល ជាមួយនឹងសម្តេចចក្រពង្ស់ ទើបឈានការឯកភាពគ្នាប្រទានកម្មដីធ្លីជូនពលរដ្ឋដែលកំពុងរស់នៅទាំងនោះ ឲ្យបានស្របច្បាប់។
ការប្រកាសប្រគល់ជូននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានលើកឡើងថា គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន គម្រោងចុះបញ្ជីដីធ្លីបាន៦០ សង្កាត់ ក្នុងរាជធានីភ្នំពេញ ។
លោកបន្តថា ការប្រទានកម្មនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន គឺប្រទានកម្មឲ្យទាំងអស់តែម្តង ពោលគឺទាំងប្រថាប់ត្រា បង់ពន្ធអន្តរក្រសួង និងការបង់ពន្ធមួយម៉ែត្រការ៉េ ចំនួន៥០០រៀល ក៏រដ្ឋជាអ្នកបង់ជូនផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា យើងមកនេះ គឺមកជួយប្រជាពលរដ្ឋ មិនមែនមកបោកប្រាស់ទេដោយឃើញការលំបាករបស់ប្រជាពលរដ្ឋ ទើបសម្តេចសម្រេចប្រទានកម្ម ជូនបងប្អូនប្រជាពលរដ្ឋតែម្តង លើផ្ទៃដី២ហិកតាកន្លះ នៅសហគមន៍គង្គាផុស សង្កាត់ទួលសង្កែ២នេះ។ លោកអភិបាលថា បុរីខ្លះបំបែកក្បាលដីហើយ មិនចែកទេ ទុកនៅធនាគារ ដោយមិនបានប្រគល់មកឲ្យបងប្អូន ដែលធ្វើឲ្យការស្នាក់នៅមិនស្របច្បាប់ ដែលបញ្ហានេះ មានច្រើននៅតាមបុរី ហើយបញ្ហានេះមួយចំនួន ត្រូវបានរដ្ឋបាលរាជធានី ដោះស្រាយបានមួយចំនួនហើយ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងបានជំរុញឲ្យមន្ត្រីដែនដី ត្រូវធ្វើទាំងថ្ងៃសោរ៍ អាទិត្យ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋឲ្យបានលឿនចៀសវាងទុកយូរកើតជាបញ្ហាលាប់។
លោក អភិបាលបន្តថា យើងបានបំពេញការងារ ជូនបងប្អូនប្រជាពលរដ្ឋហើយ នៅតែបងប្អូន ត្រូវជួយមកពួកយើងខ្ញុំវិញ បងប្អូនធ្វើបុណ្យ ចង់បានបុណ្យ ឯយើងខ្ញុំធ្វើបុណ្យ ក៏ចង់បានបុណ្យដែរ ។ ដូច្នេះកុំភ្លេចទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
លោកថា បងប្អូននៅតំបន់នេះ ពិតជាបានរកស៊ីស្រួលណាស់ ពិសេសការយកក្រណាត់ ពីរោងចក្រមកកាន់ដេរ នៅតាមផ្ទះរួចហើយបញ្ជូនសម្លៀកបំពាក់នេះ ទៅរោងចក្រ ឬទីផ្សារវិញ ដើម្បីយកលុយមកទ្រទ្រង់គ្រួសារ បានធូរធារ ។
នេះសុទ្ធតែសមិទ្ធផលរបស់សម្តេចតេជោ ហ៊ុន សែន ដែលជួយឲ្យបងប្អូនមានឱកាស ក្នុងការប្រកបមុខរបររកស៊ី ទទួលទានបានស្រួល ពិសេសគឺប្រទេសយើង មានសន្តិភាពពេញបូរិបូរណ៍ នៅទូទាំងប្រទេស។
តំណាងប្រជាពលរដ្ឋចំនួន៤០២គ្រួសារ រស់នៅក្នុងសហគមន៍ភូមិគង្កាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ សូមថ្លែងនូវមនោសញ្ចេតនាគោរពដឹងគុណ នឹងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលជានិច្ចកាល តែងយកអស់កន្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងកិច្ចការដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិតទទួលបានជោគជ័យធំធេងជាបន្តបន្ទាប់ ដោយរក្សាបានស្ថេរភាពនយោបាយ សុខសន្តិភាព សុវត្ថិភាពពេញលេញ រក្សាបានកំណើនសេដ្ឋកិច្ចជាតិខ្ពស់ កសាងសមិទ្ធផលថ្មីៗជាច្រើន ធ្វើឲ្យមានការអភិវឌ្ឃន៍លើគ្រប់វិស័យ ដូចជាវិស័យដីធ្លីដែលមានគោលនយោបាយច្បាស់លាស់ ដើម្បីកាត់បន្ថយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋអាចទទួលបានសិទ្ធិជាកម្មសិទ្ធិស្របច្បាប់។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាមួយនិងការសម្របសម្រួលពន្ធដារជាកត្តាសត្យានុម័តមួយ ក្នុងការចូលរួមកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង៕ ដោយ៖កូឡាប