រាជធានីភ្នំពេញ ៖ “ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តយកចិត្តទុកដាក់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការធ្វើកំណែទម្រង់ការអប់រំកន្លងមកនឹងនៅតែបន្ត ហើយគុណភាពនៃការអប់រំ ជាពិសេសការប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជាមានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សដែលមានគុណ ភាព” ជាប្រសាសន៍លោកបណ្ឌិតសចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ការលើកឡើងបែបនេះត្រូវបានធ្វើឡើង ក្នុងឱកាសនៃកម្មវិធីសន្និសីទសារព័ត៌មានស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២០ សីហា ២០១៨ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានស្ដីពីការរៀបចំប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២០ សីហា ២០១៨ ដើម្បីធ្វើការណែនាំអំពីវិធានការណ៍នានាសម្រាប់រៀបចំការប្រឡង ដើម្បីឈានទៅរកការធ្វើកំណែទម្រង់អប់រំ កាន់តែមានប្រសិទ្ធភាព បណ្ដុះធនធានប្រកបដោយគុណភាព។
ក្នុងឱកាសនោះលោកបណ្ឌិត មានប្រសាសន៍ថា តាមរយៈលទ្ធផលនៃការប្រឡងក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ បានបង្ហាញថាសមត្ថភាពសិស្សកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨នេះ សិស្សដែលបានដាក់ពាក្យប្រឡងមានចំនួន ១១៧.០៦១ នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយ។ មណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល។
លោក ហង់ ជួនណារ៉ុន បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨នេះ ក្រសួងអប់រំនៅតែរឹតបន្តឹងឲ្យខ្លាំងជាងឆ្នាំកន្លងទៅថែមទៀត ជាមួយនឹងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួចជាង៦ពាន់នាក់ និងមេប្រយោគជាង៣ម៉ឺននាក់។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះ គឺមានការរឹតបន្តឹងចាប់ពីក្រៅមណ្ឌលប្រឡង ដល់ក្នុងមណ្ឌលប្រឡងដោយមិនអនុញ្ញាតឲ្យបេក្ខជនយកសំណៅឯកសារ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ចូលមណ្ឌលប្រឡងឡើយប្រសិនរកឃើញបេក្ខជនអាចនឹងបានពិន្ទុសូន្យ។ ប្រសិនបើបេក្ខជនទទួលបានពិន្ទុសូន្យមួយមុខវិជ្ជា មានន័យថា គឺធ្លាក់ដោយស្វ័យប្រវត្តិតែម្តង។ ប្រសិនបេក្ខជនយកសំណៅឯកសារ សៀវភៅ ទូរស័ព្ទដៃ ប្រើប្រាស់ពាក្យសំដីមិនសមរម្យបង្កជម្លោះក្នុងមណ្ឌលប្រឡង គឺក្រសួងតម្រូវឲ្យបេក្ខជនធ្លាក់ដោយស្វ័យប្រវត្តិ។ លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់បេក្ខជនដែលត្រូវប្រឡងទាំងអស់ ត្រូវគោរពវិន័យប្រឡង។ ចំពោះបុគ្គលិកអប់រំដែលជាអនុរក្ស ក៏ត្រូវមានការទទួលខុសត្រូវផងដែរ ប្រសិនបើពួកគាត់ប្រព្រឹត្តខុសត្រូវទទួលវិន័យទៅតាមកម្រិត គឺអាចត្រូវតែស្តីបន្ទោសផ្ទាល់មាត់ អាចត្រូវស្តីបន្ទោសជាលាយលក្ខណ៍អក្ស ឬ ឈានដល់ការបណ្តេញ ចេញពីក្របខ័ណ្ឌប្រសិន បើប្រព្រឹត្តកំហុសធ្ងន់ធរនោះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីអប់រំ បានបង្ហាញនូវក្តីពេញចិត្ត ចំពោះលទ្ធផលនៃកំណែទម្រង់ក្នុងវិស័យអបរ់ដោយអះអាងសិស្សមានចំណេះដឹងខ្លាំងជាងមុន និងទទួលបានពិន្ទុ និងនិទ្ទេសល្អចេះតែកើតឡើងជារៀងរាល់ឆ្នាំផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានរៀបចំប្រធានវិញ្ញាសារយ៉ាងម៉ត់ចត់ ដើម្បីបង្ហាញឲ្យឃើញថា យើងមិនបន្ធូរទេ។ ទោះបីជារឹតបន្តឹងក្តី អត្រាសិស្សដែលប្រឡងជាប់មានការកើតឡើង ពីជាង៤០ភាគរយនៅឆ្នាំទី១ រហូតដល់ជាង៦០ភាគរយ នៅពេលបច្ចុប្បន្ននេះ មានន័យថាសិស្សរៀនចេះជាងមុន។ សិស្សដែលអាចប្រឡងជាប់បាក់ឌុបបាន ត្រូវមានពិន្ទុចំនួន២៣៧ពិន្ទុ ៥០ភាគរយនៃពិន្ទុសរុប គឺជាប់មធ្យមភាគនិទ្ទេស E។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ទាំងរយៈពេលសំណេរ និងរយៈពេលកំណែយើងត្រូវប្រើរយៈពេល១ខែ។ ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់សិស្សប្រឡងនៅរាជធានីភ្នំពេញ និងថ្ងៃទី១២ ខែកញ្ញា សម្រាប់សិស្សដែលប្រឡងនៅតាមបណ្តាខេត្ត៕ ដោយ ៖ កូឡាប