Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការណែនាំការបញ្ចៀសចរាចរ ក្នុងអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២៣រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការណែនាំការបញ្ចៀសចរាចរ ក្នុងអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រោយពីបានប្រជុំពិភាក្សារកដំណោះស្រាយការកកស្ទះចរាចរណ៍កាលពីថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចមក រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍បានមួយចំនួនធំ។ ទន្ទឹមនោះរដ្ឋបាលរាជធានីភ្នំពេញ សង្កេត ឃើញថានៅពេលខ្លះមានការកកស្ទះចរាចរណ៍កើតឡើងខ្លះទៀត ដូចនេះដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១.ការធ្វើដំណើរចូលរាជធានីភ្នំពេញ ៖
– ចំពោះរថយន្តធុនធ្ងន់ រថយន្តកុងតឺន័រ រថយន្តធុនធំត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ ឆ្លងស្ពានព្រែកសំរោង ចូលរាជធានីភ្នំពេញ តាមពេលវេលា និងម៉ោងកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយ មិនអនុញ្ញាតឱ្យឆ្លងកាត់តាមស្ពានព្រះមុនីវង្សឡើយ។

  • ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅមូលដ្ឋាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ សូមមេត្តាយោគយល់អធ្យាស្រ័យដោយត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ តាមស្ពានព្រែកសំរោងចូលរាជធានីភ្នំពេញ ឬតាមសាឡាងចម្លងកោះនរា ដែលចូលតាមផ្លូវទល់មុខវត្តនិរោធ និងផ្លូវស្ថានីយ៍ទូរទស្សន៍បាយ័ន បន្តដំណើរទៅគោលដៅ។

–ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ ឆ្ពោះទៅមូលដ្ឋានខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌចំការមន សូមមេត្តាយោគយល់អធ្យាស្រ័យដោយត្រូវ បង្វែរទិសតាមមហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) និងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បត់តាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវលេខ២១៧ធ្វើដំណើរសំដៅទៅគោលដៅ។

២.ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ៖

– ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ២ ទៅខេត្តកណ្តាល ឬមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ ហើយដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស សូមមេត្តាយោគយល់អធ្យាស្រ័យដោយត្រូវបង្វែរទិសតាមផ្លូវលេខ៤៨៨ ឆ្ពោះទៅ រង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅផ្លូវលេខ២៧១ សំដៅទៅផ្លូវលេខ៣៧១ ឬតាមផ្លូវផ្សារជីបម៉ុង ចេញតាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) និងតាមមហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ឆ្ពោះទៅគោលដៅរបស់ខ្លួន។

–ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឬទៅខេត្តកណ្តាល សូមមេត្តាយោគយល់អធ្យាស្រ័យត្រូវធ្វើដំណើរ តាមមហាវិថីព្រះនរោត្តម ឡើងស្ពានអាកាសក្បាលថ្នល់បត់ត្រលប់ក្រោយរួចឆ្លងស្ពានព្រះមុនីវង្ស ឬធ្វើដំណើរតាមសាឡាងចម្លងពីកោះពេជ្រ ទៅកោះនរាតែម្ដង ឬពីសាឡាងចម្លងសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ ទៅកោះនរា នៅពេលដែលសាឡាងចម្លងនេះដាក់ឱ្យដំណើរការសាកល្បងដើម្បីធ្វើដំណើរទៅគោលដៅ។

៣.មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពិនិត្យលទ្ធភាពក្នុងការពង្រីកទ្រូងផ្លូវឱ្យធំ ជាបណ្តោះអាសន្នសិន ពេលសំណង់ស្ពានអាកាសនេះត្រូវបានបញ្ចប់ត្រូវរៀបចំឱ្យមកដូចស្ថានភាព ដើមវិញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សដោយអនុគ្រោះ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌមានជ័យ រដ្ឋបាលខណ្ឌច្បារអំពៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×