ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្ងៃម្សិលមិញនេះ (ទី១៦ ខែមីនា ឆ្នាំ២០២៣) ស្រ្តីជាម្តាយវ័យក្មេងដ៏អភព្វ អ្នកនាង សឿន ស្រីអូន ដែលត្រូវបានឆ្មបនៅមន្ទីរពេទ្យសម្រាកព្យាបាលសម្ភពដើមអង្ក្រង កាត់ពោះវៀនច្រឡំថាជាទងសុខនោះ បានទទួលមរណភាព បន្ទាប់ពីនាងត្រូវទ្រាំតស៊ូតតាំងនឹងជីវិត អស់រយៈពេលជាច្រើនខែ ប៉ុន្តែ នៅទីបំផុត ទាំងវេជ្ជបណ្ឌិតនៅប្រទេសថៃ និងខ្មែរ អស់សមត្ថភាពក្នុងការជួយស្រោចស្រង់ជីវិតរបស់នាងបានទៀតនោះទេ។
ពិតណាស់ ដំណឹងមរណភាពរបស់ស្ដ្រីជាម្ដាយរូបនេះ ឃើញថាបានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើន សម្តែងនូវក្តីរំជួលចិត្ត និងអាណិតអាសូរជាពន់ពេក ព្រោះមិនគួរណាអ្នកម្ដាយរូបនេះ ត្រូវព្រាត់ប្រាសលាចាកឆ្ងាយពីប្ដីដ៏ល្អ និងកូនស្រីជាទីស្រលាញ់ រួមទាំងក្រុមគ្រួសារទាំងនៅវ័យក្មេងបែបនេះសោះឡើយ។
តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែសោកសង្រេងខ្លាំងនោះ គឺមុនពេលផុតដង្តើមលែងបានឃើញមុខប្តី និងកូនស្រី ជាលើកចុងក្រោយ អ្នកម្តាយដ៏អភព្វរូបនេះ ក៏បានយំផ្តាំផ្ញើពាក្យពេចន៍គួរឲ្យស្រណោះប៉ុន្មានម៉ាត់ថា៖ «សូមឱ្យប្ដីមើលថៃទាំកូនឱ្យបានល្អ។ ខ្ញុំចង់រស់ណាស់ តែធ្វើម៉េច បើវាសនារបស់ខ្ញុំបានត្រឹមហ្នឹង។ តែកុំភ្លេចឱ្យគេរកយុត្តិធម៌ឱ្យខ្ញុំផង ទោះបីជាខ្ញុំស្លាប់ហើយក៏ដោយ»។
ជាមួយគ្នានេះ មហាជនដែលពោរពេញដោយការឈឺចាប់ បានជម្រុញឲ្យច្បាប់ធ្វើការលើសំណុំរឿងឡើងវិញ ដោយក្នុងនោះ អ្នកលេងបណ្តាញសង្គមជាច្រើន បានលើកឡើងផ្សេងៗគ្នាថា «ក្នុងនាមខ្ញុំជាពលរដ្ផខ្មែរម្នាក់ ខ្ញុំសង្ឃឹមថា ជញ្ជឹងមួយនេះនិងផ្ដល់ភាពយុត្តិធ៌ម ដល់គ្រួសារនៃសព ជាពិសេសប្ដី និងកូនតូចរបស់គាត់ផងចុះ, ពីមុនគិតថានៅរស់អោយពេទ្យហ្នឹងក្រៅឃុំ តែឥឡូវស្លាប់ហើយ ត្រូវតែចាប់ពេទ្យហ្នឹងដាក់គុក ព្រោះជីវិតគេមួយ ដែលមិនអាចគ្រាន់តែអោយបិទទ្វារួចខ្លួនទេ ដូចជាមើលងាយជីវិតមនុស្សពេកហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













