ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីជូនដំណឹង ជ្រើសរើសអ្នកចូលរួមសង្កេតការណ៍ ដោយស្ម័គ្រចិត្ត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨។
អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា អ.ប.ព នឹងធ្វើការជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ចំនួន ៤.៥០០នាក់ ទៅ៥.០០០ពាន់នាក់ ដោយទទួលចុះឈ្មោះចាប់ពីថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៨ រហូតដល់គ្រប់ចំនួនកំណត់។
បើយោងតាមសេចក្តីជូនដំណឹងរបស់ ACU នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ ការជ្រើសរើសនឹងផ្តល់អាទិភាពដល់អ្នកធ្លាប់ចូលរួមសង្កេតការណ៍ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជ្រើសរើសមណ្ឌលសង្កេតការណ៍ដដែលសម្រាប់ឆ្នាំ២០១៨ ។ អ.ប.ព នឹងបើកទូលាយទទួលចុះឈ្មោះដល់អ្នកមានបំណងស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់គ្រប់ចំនួនកំណត់ជ្រើសរើស នៅអង្គភាព ។ លក្ខខណ្ឌក្នុងការចុះឈ្មោះអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត គឺមានធនធាន និងមធ្យោបាយផ្ទាល់ខ្លួន សម្រាប់បំពេញការងារ និងមិនដើរសុំថវិកាពីអ្នកដទៃមកបំពេញការងារនេះ ចៀសវាងទំនាស់ផលប្រយោជន៍ជាមួយបេក្ខជនប្រឡងក្នុងមណ្ឌល ការចូលរួមសង្កេតការណ៍មិនឲ្យប៉ះពាល់ដល់ម៉ោងការងាររដ្ឋ និងឯកជន គោរពច្បាប់ បទប្បញ្ញត្តិ សេចក្តីណែនាំ និងគោលការណ៍ផ្សេងៗ ដែលបានកំណត់ដោយក្រសួងអប់រំយុវជននិងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ គោរពតាមការណែនាំរបស់មន្ត្រី អ.ប.ព ប្រចាំមណ្ឌល បំពេញការងារឲ្យបានត្រឹមត្រូវប្រកបដោយភាពទន់ភ្លន់ សុភាពរាបសា ឈ្លាសវៃ និងម៉ឺងម៉ាត់ការងារ ៕ ដោយ ៖ កូឡាប