ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» ដែលល្បីល្បាញខ្លាំង កាលពីជាង ១០ឆ្នាំ មុន គឺលោក សាន ផានិត បានធ្វើឱ្យអ្នកគាំទ្រជាច្រើន រំភើបជំនួស បន្ទាប់ពីលោកបានវិលត្រឡប់មកកាន់សិល្បៈចម្រៀងវិញ ក្រោយពេលលាក់ខ្លួនមួយរយៈ ហើយខណៈនេះដែរជីវិតលោកក៏ប្រសើរខ្លាំងជាងកាលពីមុន ពោលគឺប្រសើរជាងពេលដែលលោកឈប់ពីសិល្បៈទាំងពុំមានអ្នកណាម្នាក់ដឹងពីមូលហេតុពិត ។
ខណៈដែលលោក សាន ផានិត ផ្អាកពីសិល្បៈ ត្រូវបានគេដឹងថា លោក និងប្រពន្ធ បាននាំគ្នាទៅសាងជីវិតជាមនុស្សសាមញ្ញនៅក្នុងខេត្តមណ្ឌល់គិរី ដែលមានជីវភាពត្រឹមតែជាអ្នកលក់ខោអាវជជុះ ហើយជីវិតកាលនោះ តារាចម្រៀងអត់សក់រូបនេះ ធ្លាប់បានបង្ហើបថា ក៏មានភាពខ្វះខាតខ្លះៗដែរ ប៉ុន្តែក៏មានការជួយជ្រោមជ្រែងពីសំណាក់មិត្តភក្ដិសិទ្ធស្នាលមួយចំនួន ។ កាលនោះ អ្វីដែលលោកនឹកសោកស្ដាយបំផុត គឺពេលដែលលោកឃើញតារាស្រកក្រោយ និងតារារួមជំនាន់ទទួលភាពល្បីល្បាញ ដោយពេលឡើងឆាកម្ដងៗមានទស្សនិកជនរាប់រយនាក់ស្រែកហោកញ្ច្រៀវ ធ្វើឱ្យលោកនឹកឃើញដល់ជំនាន់លោក ដែលមានឈ្មោះល្បីល្បាញខ្លាំង ជាពិសេសតាមរយៈបទ «ទូរស័ព្ទប្រាប់ផង» «ជាសង្សារបងហើយ» «ជាប់រវល់» និងបទជាច្រើនទៀត ។
ជាមួយគ្នានេះដែរ មុននេះ លោក សាន ផានិត ក៏បានសរសេរសារមួយនៅលើគណនីហ្វេសប៊ុករបស់ លោកដែលចង់បង្ហាញពីស្ថានភាពជីវិតកាលពី ៤ឆ្នាំមុន និង បច្ចុប្បន្ន ។ លោកបានឱ្យដឹងយ៉ាងដូច្នេះថា «៤ឆ្នាំមុនខ្ញុំឯកការណាស់ខ្ញុំតែងតែសំលឹងទៅមើលក្តាម្ឈូសរាល់ពេលដែលខ្ញុំអស់សង្ឈឹម ឆ្នាំចុងក្រោយនេះ ខ្ញុំត្រូវស្ថាបណ្ណ័អប់រុំអញ្ជើញជាវាក្មិនកិត្តិយសជាញឹកញ៉ាប់និងទទូលបណ្ណ័សរសើរពីអង្ការធំៗនាៗលើវិសយ័អប់រុំនិងមនុស្សធម៍ស្ទើរកកន្លែងដាក់គ្មាន !» ៕ សាវុធ