កន្លងមក រដ្ឋាភិបាលអំណាចកំពូលអាស៊ី បានបង្គាប់ឲ្យ «សម្លាប់» សត្វចិញ្ចឹមកសិដ្ឋានជាង៣លានក្បាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដល់មនុស្សដ៏ខ្ពស់មួយ តាមរយៈវិធីតែមួយគត់ គឺធ្វើការកប់ពួកវាទាំងរស់ ។ ប៉ុន្តែ វិធីនេះត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាអំពើដ៏សាហាវព្រៃផ្សៃបំផុតមួយ ។
ភ្ជាប់ជាមួយនឹងករណីនេះ មនុស្សជាច្រើនដែលមានភាពស្លុតរន្ធត់ បានលើកឡើងថា តើមានជម្រើសអ្វីផ្សេង ដើម្បីចៀសកុំឲ្យមានអំពើដ៏ឃោរឃៅបែបនេះទេ ? ព្រោះថា វាជាការស្លាប់ដោយថប់ដង្ហើមដ៏លំបាកវេទនាបំផុត បើទោះបីពួកវាជាសត្វក៏ដោយ ។
ចំណែកវីដេអូនេះវិញ ដែលទើបត្រូវបានបង្ហោះឡើង LiveLeak បានបង្ហាញឲ្យឃើញអេស្កាវ៉ាទ័រ១គ្រឿង បានកាយដីកប់សត្វជ្រូកឈឺរាប់សិបក្បាលទាំងរស់ ក្នុងរណ្តៅរួមដ៏ធំមួយ ធ្វើឲ្យអ្នកទស្សនាស្ទើរគាំងបេះដូង ខណៈឃើញសត្វជ្រូកទាំងនោះស្រែកយំតវ៉ានឹងមជ្ជរាជ ។ ដែលហេតុការណ៍ដ៏ស្លុតរន្ធត់នេះ ត្រូវបានគេជឿថាបានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ៕ ចន្ទី