ភ្នំពេញ ៖ រថយន្តម៉ាក CRVមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅ បុករថយន្តម៉ាក fordranger បើកបត់ឆ្វេងឆ្លងផ្លូវចំពីចំហៀងខាងស្តាំ កង់ខាងក្រោយបណ្តាលឲ្យរថយន្តfordranger ប៉ើងក្រឡាប់ផ្ងារជើងសំណាងល្អ មិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក fordranger ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខរដ្ឋ 33 2.3737 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងចូលតាមបណ្តោយផ្លូវ១០៨ ខណៈពេលបត់ជិតផុតពាក់កណ្តាលផ្លូវគាប់ជួនស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក CRV ពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ 2V-2247 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំកង់ខាងស្តាំផ្នែងខាងក្រោយរថយន្តfordranger ប៉ើងក្រឡាប់ផ្ងារជើង និងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តម៉ាក CRVវិញ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរផងដែរ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស និងមិនប៉ះពាល់ទៅលើអ្នករួមដំណើរជិតខាង។ រីឯភាគីម្ចាស់រថយន្តទាំងសងខាងនៅកន្លែងកើតហេតុរង់ចាំការដោះស្រាយគ្នា។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តភ្នំ សហការជាមួយនិងជំនាញចរាចរណ៍ បានចុះមកដល់រួចបានឲ្យភាគីទាំងសងខាងសម្រួលគ្នា តែមិនត្រូវ ក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



